កម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ លើកទី៥ (5th Cambodia Travel Match – CTM 2026 Mini-Series) រៀបចំដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) មានការចូលរួមពី លោក ហួត ហាក់ ,លោក ហួត ហៃ , ឧកញ៉ា លូ ម៉េង, ឧកញ៉ា ឌិន សុមេធារិទ្ធ, លោកបណ្ឌិត ធួន ស៊ីណាន, តំណាងក្រុមប្រឹក្សាសិក្សាទីផ្សារទេសចរណ៍កម្ពុជា (CTB), តំណាងសមាគមសណ្ឋាគារកម្ពុជា (CHA) ព្រមទាំងប្រតិភូ និងប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិមកពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន រួមជាមួយអ្នកទិញអន្តរជាតិ និងអ្នកផ្គត់ផ្គង់សេវាទេសចរណ៍កម្ពុជា អ្នកសារព័ត៌មាន សរុបជាង១៣០ រូប កាលពីថ្ងៃទី៩ ខែកញ្ញា។

ក្នុងឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា CTM 2026 Mini-Series បានក្លាយជាវេទិកាពាណិជ្ជកម្មទេសចរណ៍ដ៏សំខាន់មួយស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្តោតលើការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន បង្កើនការចូលដល់ទីផ្សារទេសចរណ៍អន្តរជាតិ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព ការបង្កើតជាវេទិកាភ្ជាប់អ្នកទិញអន្តរជាតិជាមួយអ្នកផ្គត់ផ្គង់សេវាទេសចរណ៍កម្ពុជាជាក់ស្តែង និងប្រកបដោយលទ្ធផលខ្ពស់ ដើម្បីពង្រីកបណ្តាញធុរកិច្ច ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗ អំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងពិភពលោក ដែលជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារទេសចរណ៍អន្តរជាតិ ពង្រីកវត្តមានរបស់កម្ពុជាក្នុងទីផ្សារថ្មីៗ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងប្រតិបត្តិករទេសចរណ៍ក្នុងតំបន់ឱ្យមានឱកាសចូលដល់ទីផ្សារអន្តរជាតិ។

លោកក៏បានអញ្ជើញភ្ញៀវទេសចរ អ្នកទស្សនា និងវិនិយោគិនអន្តរជាតិ មកទស្សនា និងស្វែងយល់ពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ដោយភាពជឿជាក់ និងពុំមានកង្វល់ណាមួយ ព្រមទាំងទទួលបានបទពិសោធន៍នៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលល្បីថា «ស្នាមញញឹមកម្ពុជា» និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលជាអត្តសញ្ញាណពិសេសរបស់កម្ពុជា។

គូសបញ្ជាក់ផងដែរថា ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ (CTM 2026 Mini-Series) ត្រូវបានអនុវត្តក្រោមកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ក្នុងនាមជាអ្នករៀបចំកម្មវិធី (Lead Organizer) ដែលជាយុទ្ធនាការទីផ្សារគោលដៅជាយុទ្ធសាស្ត្រពេញមួយឆ្នាំ ក្រោមប្រធានបទ «កម្ពុជាទៅកាន់ពិភពលោក» ដើម្បីបង្កើតវេទិកាធុរកិច្ចរវាងអ្នកទិញអន្តរជាតិ និងអ្នកផ្គត់ផ្គង់កម្ពុជា ពង្រីកទីផ្សារ ទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ និងលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយពិពិធកម្ម និងភាពប្រកួតប្រជែងនៅលើទីផ្សារទេសចរណ៍ពិភពលោក។


