ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing ធ្លាក់ចុះជិត ៥% ក្រោយ​ឧបទ្ទវហេតុ​ធ្លាក់យន្តហោះនៅឥណ្ឌា

អន្តរជាតិ

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តហោះ Boeing បានធ្លាក់ចុះអស់ជិត ៤,៧% មកនៅត្រឹមប្រមាណ ២០៤ដុល្លារ ក្នុងមួយហ៊ុនប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្តហោះ Boeing 787-8 Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា បានតែបន្តិច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bazaar បានបង្ហាញឲ្យដឹងថា ជើងហោះហើរនោះមានឈ្មោះថា Flight AI171 កំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Gatwick ក្នុងទីក្រុងឡុងដ៍ ជាមួយនឹងមនុស្សសរុប ២៤២ នាក់នៅលើយន្តហោះ ក្នុងនោះរួមមានអ្នកដំណើរ ២៣០នាក់ និងសមាជិកនាវិក ១២ នាក់។ ភ្លាមៗ ក្រោមកើតហេតុ មនុស្ស ២៤២ នាក់ ត្រូវបានសន្មត់ថាបានស្លាប់បាត់បង់ជីវិត ដោយយ៉ាងហោចណាស់សាកសពប្រមាណ ២០០ ត្រូវបានរកឃើញពីកន្លែងធ្លាក់យន្តហោះ។

គួរឲ្យដឹងថាធ្លាក់នេះ គឺជាឧបទ្ទវហេតុគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរលើកដំបូងដែលពាក់ព័ន្ធនឹងយន្តហោះត្រកូល Boeing 787 Dreamliner ដែលជាម៉ូដែលដ៏ទំនើបបំផុតមួយ ពាក់ព័ន្ធទៅនឹងការស៊ីថាមពលតិច និងគ្រឿងបង្គុំទំនើប។ យន្តហោះនេះ បានចំណាយពេលហោះហើរសរុបចំនួន ៤២ ៧០០ ម៉ោង លើជើងហោះហើរចំនួន ៧ ៨០០ ជើង ហើយមិនធ្លាប់មានប្រវត្តិគ្រោះថ្នាក់ដល់ជីវិតពីមុនមកនោះទេ។

ជម្រាប ជូនផងដែរថា ការធ្លាក់នេះបានបង្កើនឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីសុវត្ថិភាពនៃយន្តហោះ Boeing 787 ដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing ថ្មីៗនេះ បានស្ទុះងើបឡើងមកវិញ ជិត ២៥% ក្នុងឆ្នាំ២០២៥ បន្ទាប់ពីមានការប្រកួតប្រជែងខ្លាំង កាលពីឆ្នាំមុន។ ប៉ុន្តែយ៉ាងណាមិញជុំវិញឧបទ្ទវហេតុថ្មីៗនេះ អាចនឹងទាញទម្លាក់ការស្ទុះងើបវិញនៃអាជីវកម្មរបស់ក្រុមហ៊ុន សារជាថ្មីម្តងទៀត៕