ក្រុមវារីវប្បករមានទឹកចិត្តនិងបន្តក្តីសង្ឃឹមបន្ទាប់ពីកម្ពុជាបាននាំចេញកំពឹស-អន្ទង់ជោគជ័យទៅទីផ្សារចិន

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីផលិតផលជលផលក្នុងស្រុកចំនួន២ប្រភេទ មានកំពឹងទឹកសាបបង្កកនិងអន្ទង់បង្កកបាននាំចេញដោយជោគជ័យទៅទីផ្សារចិនកាលថ្មីៗនេះ បានធ្វើឱ្យក្រុមវារីវប្បករក្នុងស្រុក សម្តែងការអបអរសាទរ សប្បាយរីករាយ និងបន្តរក្សាបានសេចក្តីសង្ឃឹមរបស់ខ្លួនដដែល ក្រោយពីចំណាយពេលរងចំាមើលផលិតផលជលផលខ្មែរធ្វើការនាំចេញទៅចិនអស់រយៈពេលមួយយ៉ាងយូរនាពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកសុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា «ក្នុងនាមអ្នកវារីវប្បករយើងសប្បាយរីករាយ នៅពេលដែលផលិតផលជលខ្មែរធ្វើការនាំចេញបានដោយជោគជ័យទៅកាន់ទីផ្សារប្រទេសចិនហើយ ខ្ញុំគិតថានឹងមានអ្នកចាប់អារម្មណ៍ច្រើន ពិសេសអ្នកមានលុយ មានធនធានគេអាចវិនិយោគនៅក្នុងវិស័យវារីវប្បកម្មនេះដែរនៅពេលខាងមុខ»។

តាមលោកសុខ រ៉ាដែន ការនាំចេញផលិតផលជលផលទំាងពីរប្រភេទខាងលើទទួលបានជោគជ័យ នេះគឺជាសញ្ញាល្អហើយ ជាការលើកទឹកចិត្តនិងជំរុញឱ្យបងប្អូនវារីវប្បករក្នុងស្រុកទំាងអស់បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាពិសេសគុណភាពផលិតផលរបស់ខ្លួនផងដែរ។

លោកបន្តថា នៅពេលការនាំចេញលើកទី១ទទួលបានជោគជ័យ សម្រាប់ក្រុមហ៊ុនដែលបាននាំចេញគាត់និងបញ្ជាទិញពីអ្នកចិញ្ចឹមជាបន្តបន្ទាប់ទៀត ហើយធ្វើឱ្យក្រុមវារីវប្បករមានលទ្ធភាពចិញ្ចឹម ឬត្រូវច្នៃប្រឌិតយ៉ាងម៉េចឱ្យត្រូវទៅតាមមុខទំនិញដែលគេត្រូវការ។

លោក សុខ រ៉ាដែន សង្កត់ធ្ងន់ថា «ក្រៅពីអន្ទង់បង្កក និងកំពឹសទឹកសាបបង្កកដែលបាននាំចេញទៅប្រទេសចិន នៅមានផលិតផលផ្សេងៗទៀត ហើយក្រុមវារីវប្បករ គាត់បានដឹងថាត្រូវការអ្វីទៀត ហើយខ្ញុំជឿថាអ្នកចិញ្ចឹមត្រី គាត់យល់និងជ្រើសរើសយកមុខណាមួយដែលខ្លួនអាចធ្វើបានទៅតាមទីផ្សារដែលគេតម្រូវ»។

យោងតាមមន្ត្រីអ្នកនាំពាក្យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា«ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ ធ្វើឡើងដោយក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation ។ ចំណែកផលិតផលជលផលដែលនាំចេញមាន២ប្រភេទគឺ អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប ១០ តោន»។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ ចំណែកវារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់តែមានការរីកចម្រើនទៅមុខ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕ អត្ថបទ៖សារេត