ក្រុមហ៊ុនធំមួយរបស់អាម៉េរិក ប្តេជ្ញាបន្តពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក Montana Fly និងជាក្រុមហ៊ុនផលិតនុយសន្ទូចសម្រាប់ស្ទូចត្រីដ៏ធំបំផុត នៅលើពិភពលោកផងនោះ បានបង្ហាញការបន្តប្តេជ្ញាចិត្តរបស់ខ្លួនបន្តពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Adam Trina នាយកប្រតិបត្តិក្រុមហ៊ុន Montana Fly Co., Ltd. តាមរយៈ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) កាលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

ប្រភពដដែល បានឱ្យដឹងថា ដោយទទួលបានការគាំទ្រ និងអនុសាសន៍ណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រុមហ៊ុន សហរដ្ឋអាម៉េរិក Montana Fly តាមរយៈ ក្រុមហ៊ុន Fishing Fly Cambodia Co., Ltd. ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធក្រោមការគ្រប់គ្រងរបស់ខ្លួន១០០% បានប្តេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេស កម្ពុជា និងយកកម្ពុជាជាមូលដ្ឋានផលិតកម្មសកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។

សូមជម្រាបថា Montana Fly ជាក្រុមហ៊ុនផលិតនុយសន្ទូចសម្រាប់ស្ទូចត្រីដ៏ធំបំផុត នៅលើពិភពលោក ដែលផលិតផលរបស់ខ្លួនត្រូវបានលក់ចែកចាយទៅកាន់ ទ្វីបអាម៉េរិកខាងជើង និងសហភាពអឺរ៉ុប។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននឹងផ្តល់ការងារប្រមាណ ៦៥០កន្លែង និងបានប្តេជ្ញាបន្តពង្រីកការវិនិយោគ សំដៅបន្តផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាទៅមុខទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុនបានសម្រេចចិត្តជ្រើសរើសយកប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្មគោលរបស់ខ្លួន ដោយកត្តាអំណោយផលរបស់កម្ពុជា រួមមានគោលនយោបាយគាំទ្រដល់ការធ្វើធុរកិច្ចរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលផ្តល់លទ្ធភាពឱ្យវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់ ១០០% លើធុរកិច្ចរបស់ខ្លួន, ក៏ដូចជា ការវិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលទៅលើ វិស័យហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ជាមួយនឹង កម្លាំងពលកម្មប្រកបដោយផលិតភាពខ្ពស់ និងមានវ័យក្មេង បើកទូលាយទទួលយកការបណ្តុះបណ្តាល ថ្មីៗ ព្រមទាំងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរ៕ អត្ថបទ៖ ហ្សាលីន