ការនាំចេញក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៥ កម្ពុជា បាននាំចេញអង្ករចំនួន ២៨២ ៣១៣ តោន គិតជាទឹកប្រាក់បានចំនួន ២០៩.២២ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្សាយចេញកាលយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងបន្ថែមថា ក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ២៨២ ៣១៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០ ៤៣៥ តោន គិតជាទឹកប្រាក់ចំនួន ៤១.៣៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ៤០ ២៩១ តោន គិតជាទឹកប្រាក់ចំនួន ២៨.៨៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន៣៧ ៣៧៥ តោន គិតជាទឹកប្រាក់ចំនួន ៣២.៧៧ លានដុល្លារសហរដ្ឋអាមេរិក។
បើតាមរបាយការណ៍ខាងលើ ក៏បានបញ្ជាក់ទៀតថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៧.៩៤% ប្រភេទអង្ករសគ្រាប់វែង ១៧.១៥% អង្ករចំហ៊ុយ ២.៤៧% អង្ករសរីរាង្គចំនួន ១.៩៥% និងអង្ករផ្សេងៗចំនួន ០.៤៩% ។ ជាងនេះទៀត ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៣ ០៣១ ៤៣១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧២៣.០៥ លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ ហ្សាលីន


