យោងតាមទិន្នន័យចុះបញ្ជីចេញដោយក្រុមឧស្សាហកម្ម ANFAC បានបង្ហាញកាលពីថ្ងៃចន្ទ ថាការលក់រថយន្តថ្មីៗរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសអេស្ប៉ាញ បានធ្លាក់ចុះដល់ទៅ ៣៦% នៅក្នុងខែមេសា បើធៀបទៅនឹងរយ:ពេលដូចគ្នា ក្នុងឆ្នាំ២០២៤ មកនៅត្រឹមចំនួនសរុបតែ ៥៧១ គ្រឿងប៉ុណ្ណោះ ខណ:ពេលដែលការលក់រថយន្តអគ្គិសនីម៉ាកយីហោផ្សេងទៀតមានការកើនឡើង។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្នុងរយ:ពេល ៤ខែដំបូង ឆ្នាំ២០២៥ នេះ ការលក់រថយន្តសរុបរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសអេស្ប៉ាញបានធ្លាក់ចុះ ១៧% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ខណ:ពេលដែលការលក់រថយន្តអគ្គិសនីសរុបនៅក្នុងប្រទេស រួមមានទាំងរថយន្តអគ្គិសនីពេញលេញ និងប្រភេទកូនកាត់ បានកើនឡើង ៥៤% ។
គួរឲ្យដឹងថា ការលក់រថយន្តរបស់ Teslas បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងតំបន់អឺរ៉ុប ដោយសារតែក្រុមហ៊ុនផលិតរថយន្ត EV ដែលគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុនអឺរ៉ុប និងជាពិសេសម៉ាកយីហោរថយន្ត EV របស់ចិន។
ទន្ទឹមនឹងនេះ ទំនោរគាំទ្ររបស់លោក Musk ចំពោះនយោបាយស្តាំនិយមនៅអឺរ៉ុប ក៏បាននាំឲ្យមានការតវ៉ាប្រឆាំងយ៉ាងខ្លាំងចំពោះលោក និងក្រុមហ៊ុនខ្នាតយក្សអាមេរិកនេះផងដែរ ដោយបង្ករឲ្យមានការបំផ្លិចបំផ្លាញនៅបន្ទប់តាំងបង្ហាញ និងស្ថានីយ៍សាកអាគុយ នៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប។
ជម្រាបជូនផងដែរថា នៅក្នុងប្រទេសអេស្ប៉ាញ ការលក់របស់ក្រុមហ៊ុនផលិតរថយន្តចិន BYD, MG និង Omoda បានកើនឡើង ៦៤៤%, ៨០% និង ៣៤៦% រៀងៗគ្នា ក្នុងរយ:ពេល ៤ខែដំបូង ក្នុងឆ្នាំនេះ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយ ANFAC ៕

