សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញពីផែនការក្នុងការលើកលែងទំនិញរបស់ប្រទេសចិនមួយចំនួនបន្ថែមទៀត ដោយក្នុងនោះរួមមានផលិតផលសំខាន់ៗដូចជា គ្រែគេង រទេះរុញ និងកៅអីរថយន្ត ពីការយកពន្ធគយ ១៤៥% នៅពេលនាំចូលមកកាន់ទឹកដីអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី៧ ខែឧសភា ក្នុងអំឡុងពេលថ្លែងនៅមុខសភាតំណាងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បាននិយាយថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងពិចារណាលើការលើកលែងកៅអីរថយន្ត គ្រែគេង រទេះរុញ និងផលិតផលសំខាន់ៗផ្សេងទៀតសម្រាប់កុមារ ដែលនាំចូលពីប្រទេសចិនពីពន្ធគយ។ បច្ចុប្បន្ន ទំនិញចិនទាំងអស់ត្រូវបង់ពន្ធបន្ថែម ១៤៥% នៅពេលនាំចូលសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ លោក Chris Peterson នាយកប្រតិបត្តិនៃក្រុមហ៊ុន Newell Brands ដែលផលិតរទេះរុញ កៅអីរថយន្ត និងផលិតផលសម្រាប់ទារកផ្សេងទៀត ក្រោមម៉ាកយីហោ Graco បាននិយាយនៅក្នុងសន្និសីទមួយកាលពីសប្តាហ៍មុនថា ប្រហែល ៩៧% នៃរទេះរុញសម្រាប់ទារក និង ៨៧% នៃកៅអីរថយន្តនៅក្នុងសហរដ្ឋអាមេរិក ត្រូវបាននាំចូលពីប្រទេសចិន។ ហើយចែកចាយត្រូវបង្ខំចិត្តដំឡើងតម្លៃ ២០% ដោយសារឥទ្ធិពលនៃពន្ធនាំចូល។
បន្ទាប់ពីដាក់ពន្ធលើសពី ១០០% លើទំនិញគ្នាទៅវិញទៅមក ទាំងសហរដ្ឋអាមេរិក និងចិន បានចាត់វិធានការមួយចំនួន ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានបន្ធូរបន្ថយពន្ធលើរថយន្ត និងគ្រឿងបន្លាស់ ហើយបានលើកលែងជាបណ្តោះអាសន្ននូវពន្ធដែលដាក់លើស្មាតហ្វូន កុំព្យូទ័រយួរដៃ បន្ទះឈីបអង្គចងចាំ និងឧបករណ៍អេឡិចត្រូនិកជាច្រើន។
ជាមួយគ្នានេះ ប្រទេសចិនក៏ត្រូវបានគេនិយាយថាបានបង្កើតបញ្ជីឈ្មោះផលិតផលអាមេរិកជាង ១០០ ដែលនឹងត្រូវបានលើកលែងពីពន្ធនាំចូលរបស់ខ្លួនផងដែរ រួមទាំង វ៉ាក់សាំង សារធាតុគីមី និងប្រេងឥន្ធនៈ។ ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងធូរស្រាលក្នុងសប្តាហ៍នេះ ខណៈដែលមន្ត្រីអាមេរិក និងចិនត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅក្នុងប្រទេសស្វីស ដើម្បីពិភាក្សាអំពីពន្ធគយ៕

