អ្នកឧកញ៉ា លី សុភ័ក្ត អនុប្រធាននាយកប្រតិបត្តិនៃ ក្រុមហ៊ុន លី ហួរ គ្រុប នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចូលរួមដឹកនាំបើកយុទ្ធនាការ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធសាលាបឋមសិក្សា លី ហួរ អូរមាន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងសាលាបឋមសិក្សា សុីងសុីង ត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ពិធីខាងលើនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
“ការផ្តល់ឈាមមិនត្រឹមតែជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចែករំលែកស្នាមញញឹមផងដែរ”។ ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ (Tepi Agro Investment) បានគូសបញ្ជាក់ឱ្យដឹងថា សហគមន៍កសិកម្ម ទេពី អាក្រូ មានផ្ទៃដីសរុបប្រមាណ ៧,៨៩៩ ហិកតា ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្នុងនោះមាន ផ្ទៃដីកៅស៊ូចំនួន ២,៦៣៦ ហិកតា ស្វាយចន្ទី និងស្វាយកែវរមៀតមានចំនួន ២,៨៧៧ ហិកតា ព្រមទាំងផ្ទៃដីដាំដុះ និងថែទាំកូនកៅស៊ូ ចំនួន ២,៣៨៦ ហិកតា។ ចំពោះទិន្នផលកៅស៊ូសរុបមានចំនួនប្រមាណ ៧,៩០០ តោន ក្នុង១ឆ្នាំ និងទិន្នផលចន្ទីចំនួនជាង ១,០០០ តោនក្នុង១ឆ្នាំ។
អ្នកឧកញ៉ា បានបន្ថែមឱ្យដឹងទៀតថា សហគមន៍កសិកម្ម ទេពី អាក្រូ មានប្រជាពលរដ្ឋសរុបចំនួនប្រមាណ ៣០០ គ្រួសារ ស្មើនឹងប្រមាណ ១,០០០ នាក់ កំពុងរស់នៅក្នុងតំបន់ទាំងពីរ ដែលមានការរៀបចំជាសហគមន៍សាមគ្គី។ ក្នុងនោះដែរ មានផ្ទះស្នាក់នៅសម្រាប់បុគ្គលិក និងកម្មករចំនួន ២១០ ខ្នង មានសាលារៀនចំនួន ២ ខ្នង ស្មើនឹង ១១ បន្ទប់ និងមានសិស្សដែលជាកូនចៅបងប្អូនបុគ្គលិក កម្មករ ចំនួន ១២៣ នាក់កំពុងទទួលបានការសិក្សារៀនសូត្រពីលោកគ្រូ អ្នកគ្រូ ចាត់តាំងពីស្ថាប័នអប់រំរបស់រដ្ឋ៕









