អ្នកឧកញ៉ា ហ៊ុន តូ បានបរិច្ចាគថវិកាចំនួន ២០០,០០០ដុល្លារអាម៉េរិក ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា ហ៊ុន តូ ដែលបានឧបត្ថម្ភថវិកា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។
គួររម្លឹកថាកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង ២លាននាក់៕



