មហាសេដ្ឋីលំដាប់កំពូលមួយរបស់ហុងកុង លោក Joseph Lau ត្រូវបានគេរាយការណ៍ថា គ្រោងនឹងដាក់ដេញថ្លៃលក់ស្រា Wine កម្រៗ ប្រណីតៗជាង ២០០ ដប ដែលលោកបានប្រមូលទុក នៅក្នុងតម្លៃសរុបជាង ៣៥លានដុល្លារហុងកុង (ឬស្មើ ៥,៨លានដុល្លារអាមេរិក) ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងថា ក្នុងចំណោមស្រា Wine ល្អៗប្រណីត ដែលលោក Lau នឹងត្រូវដាក់ដេញថ្លៃលក់នេះ រួមមានស្រាម៉ាកល្បីៗដូចជា Henri Jayer, Petrus និង Domaine de la Romanee-Conti ជាដើម។
គួរឲ្យដឹងផងដែរថា ការដេញថ្លៃលក់ស្រា Wine របស់លោក Lau នេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខ ខណ:នេះជាការដេញថ្លៃលក់លើកទីបីហើយ បន្ទាប់ពីការដេញថ្លៃទទួលបានភាពជោគជ័យដល់ទៅពីរលើក ក្នុងឆ្នាំ២០២២ ដែលអាចរកចំណូលបានដល់ ១៦លានដុល្លារអាមេរិក។
ជម្រាបជូនថា លោក Lau បច្ចុប្បន្នវ័យ ៧៣ឆ្នាំ គឺជាបុគ្គលដ៏លេចធ្លោបំផុតម្នាក់ នៅក្នុងទីផ្សារដេញថ្លៃ ក្នុងនាមជាអ្នកប្រមូលទិញ និងជាអ្នកលក់។ លោក មានទ្រព្យសម្បត្តិសរុបប្រមាណ ៥ពាន់លានដុល្លារអាមេរិក ដោយប្រភពចំណូលជាចម្បងរបស់លោក គឺបានមកពីការកាន់កាប់អចលនទ្រព្យពាណិជ្ជកម្មផ្ទាល់ខ្លួន និងគ្រួសារ រួមទាំងភាគហ៊ុន នៅក្នុងក្រុមហ៊ុន China Estates Holdings Ltd ផងដែរ៕

