កូនប្រុសច្បងលោក ត្រាំ បង្ហើបចង់ឈរឈ្មោះជាប្រធានាធិបតី ស្នងតំណែងពីឪពុក

អន្តរជាតិ

លោក Donald Trump Jr. ដែលជាកូនប្រុសច្បងរបស់ប្រធានាធាធិបតីអាមេរិកបច្ចុប្បន្ន លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ​បានបង្ហើបប្រាប់ឲ្យដឹងថា លោកអាចនឹងឈរឈ្មោះនៅក្នុងតំណែងជាប្រធានាធិបតី នៅថ្ងៃណាមួយ បន្ទាប់ពីទទួលបានការលើកទឹកចិត្តជាច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅឯវេទិកាសេដ្ឋកិច្ចកាតា ធ្វើឡើងនៅទីក្រុងដូហា កាលពីថ្ងៃទី២១ ខែឧសភា កូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានគេសួរថា តើលោកអាចនឹងពិចារណាឈរឈ្មោះសម្រាប់តំណែងជាប្រធានាធិបតី នៅពេលដែលឪពុករបស់លោក ចាកចេញពីតំណែងនៅឆ្នាំ២០២៨ ដែរឬអត់។ ស្របពេលលោក Trump Jr. បានឆ្លើយតបវិញថា ៖”ចម្លើយនោះ គឺប្រហែលអាចជាថ្ងៃណាមួយ អ្នកមិនដែលដឹងនោះទេថានឹងមានអ្វីកើតឡើងនាពេលខាងមុខ”។

លោក Trump Jr. បាននិយាយទៀតថាលោកតែងតែជាអ្នកតស៊ូមតិដ៏ស្វិតស្វាញម្នាក់ សម្រាប់ចលនា “Make America Great Again” (MAGA) ដែលឪពុករបស់ខ្លួនបានបង្កើតឡើង។

“ខ្ញុំគិតថាឪពុករបស់ខ្ញុំពិតជាបានផ្លាស់ប្តូរគណបក្សសាធារណរដ្ឋ។ មិនថាអ្នកចង់មើលវាយ៉ាងណានោះទេ ខ្ញុំគិតថា គណបក្សសាធារណរដ្ឋឥឡូវនេះគឺជាគណបក្ស America First និង MAGA” ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក Trump Jr.។

ជម្រាបជូនផងដែរថា លោក Donald Trump Jr. បច្ចុប្បន្នវ័យ ៤៧ឆ្នាំ គឺជាអនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Trump Organizationនិងជាអ្នកគាំទ្រដ៏រឹងមាំនៃកម្មវិធី MAGA របស់ឪពុកខ្លួន។យោងតាម Reuters បានរាយការណ៍កាលពីខែវិច្ឆិកាឆ្នាំមុនថា Trump Jr គឺជាសមាជិកដ៏មានឥទ្ធិពលបំផុតនៃគ្រួសារលោក ត្រាំ ក្នុងអំឡុងពេលធ្វើនយោបាយ ទាំងមុន និងក្រោយពេលបោះឆ្នោត៕