គណៈប្រតិភូវិនិយោគិនប្រមាន៥០០ នាក់ នៃក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន ៩០ មកពីទូទាំងអាស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសផ្សេងទៀតចូលរួមវេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ ២០២៥។

គួរជម្រាបថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីវេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ ២០២៥( Cambodia Investment Matching 2025 ៖CIM 2025) ក្រោមប្រធានបទ «ការជំរុញកំណើនតាមរយៈដៃគូវិនិយោគយុទ្ធសាស្ត្រ» ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងគោលបំណងភ្ជាប់សហគ្រិនក្នុងស្រុកជាមួយវិនិយោគិនពិភពលោក ជំរុញកំណើនវិនិយោគលើវិស័យទេសចរណ៍ បង្កើនកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារ។
វេទិការៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និងសមាគមអ្នកវិនិយោគនវានុវត្តន៍ និងអភិវឌ្ឍន៍ ។
លោក ធួន ស៊ីណាន ស្ថាបនិក CIM និងជាប្រធាន PATACC ក្នុងសន្និសីទសារពត៌មានស្តីពី “ការពង្រឹងកំណើនយុទ្ធសាស្រ្តវិនិយោគតាមរយៈភាពជាដៃគូរសហការ”នាពេលថ្មីៗនេះបានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍នេះពង្រឹងអាទិភាពជាតិ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាជំរុញកំណើនវិស័យឯកជន ពង្រីកលទ្ធភាពហិរញ្ញវត្ថុ និងលើកកំពស់ជំហររបស់កម្ពុជាជាគោលដៅប្រកួតប្រជែងលើការវិនិយោគ។

លោក ធួន ស៊ីណាន បានគូសបញ្ជាក់ថា ព្រឹត្តការណ៍ CIM ២០២៥ គឺជាកាតាលីករមួយសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច តាមរយៈការភ្ជាប់អាជីវកម្មកម្ពុជាដែលមានការត្រួតពិនិត្យជាមួយមូលធនអន្តរជាតិ ជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតឱកាសការងារ ដើម្បីបង្កើនសេដ្ឋកិច្ច រយៈពេលវែង ប្រកបដោយនិរន្តរភាព។គំនិតផ្តួចផ្តើមនេះក៏ជាចំណុចសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងជំរុញរដូវកាលបៃតងរបស់កម្ពុជា ប្រែក្លាយទៅជារយៈពេលនៃការវិនិយោគដ៏មានតម្លៃខ្ពស់ និងមានការផ្តល់យុទ្ធសាស្ត្ររបស់អ្នកចូលរួម។
លោកបានឱ្យដឹងថា គណៈប្រតិភូវិនិយោគិន៥០០ នាក់ នឹងចូលរួមប្រមាណ ១០ ប្រទេស រួមមាន ប្រទេសថៃ ម៉ាឡេស៊ី ចិន កូរ៉េ ជប៉ុន ឥណ្ឌា និងម៉ាល់ឌីវ។ល។វេទិកានេះជាកន្លែងផ្លាស់ប្តូរ ពិភាក្សា និងផ្គូរផ្គងអាជីវកម្ម ។វេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ ២០២៥ ផ្តោតទៅលើវិ័ស័យធំៗចំនួន៤គឺ៖
១-ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៖ឱកាសវិនិយោគដែលរួចរាល់នៅក្នុងវិស័យរមណីយដ្ឋានកំរិតខ្ពស់ ក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ (DMC) ទេសចរណ៍សុខភាព និង SMART Tourism។២– កសិ-ទេសចរណ៍ (Agri-Tourism ) តាមសហគមន៍ដែលភ្ជាប់ជាមួយកសិកម្មសរីរាង្គ និងការអភិវឌ្ឍន៍ជនបទ។
៣-វិស័យទេសចរណ៍អចលនៈទ្រព្យ ជាការរួមបញ្ជូលរវាងអចលនទ្រព្យនិងសណ្ឋាគារដើម្បីការអភិវឌ្ឍន៍តំបន់ប្រកបដោយនិរន្តរភាព។
៤-បច្ចេកវិទ្យានិងការច្នៃប្រឌិត៖ទាក់ទងនឹងការចាប់ផ្តើមអាជីវកម្ម Fintech, E-commerce, និងសេវាកម្មឌីជីថលដែលរួមចំណែកដល់វិស័យអេកូទេសចរណ៍។
លោក ធួន ស៊ីណាន បានបន្ថែមថា «វេទិកានេះ មិនត្រឹមតែតភ្ជាប់វិនិយោគិនក្នុងស្រុក និងអ្នកដាក់ទុនមកពីក្រៅស្រុកទេ ប៉ុន្តែអ្នកដែលនៅក្នុងស្រុកក៏មានឱកាសក្នុងការចាប់ដៃគូ ដែលជាលំហូរនៃការធ្វើពាណិជ្ជកម្ម ជាវេទិកាមួយមិនត្រឹមតែយើងណាត់ឱ្យជួបរវាងអ្នករកស៊ីក្នុងស្រុក និងអ្នកនៅក្រៅប្រទេសនោះទេ CIM មានការសម្របសម្រួលតាមផ្លូវច្បាប់ធ្វើម៉េចឱ្យជាក់ច្បាស់នូវទុនដែលអ្នកវិនិយោគដែលគាត់ដាក់មកឱ្យស្របតាមផែនការ»។
លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា « CIM គឺជាយន្តការមួយពិសេសដែលយើងអាចធ្វើការណាត់ជួបគ្នា រវាងអ្នកវិនិយោគនៅក្នុងវិស័យទេសចរណ៍ ដែលជាថ្នាលមួយក្នុការបំពេញបន្ថែម ដើម្បីពង្រឹងក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ឱ្យមានភាពរឹងមាំជាងមុន»។
លោករដ្ឋលេខាធិការ បានលើកឡើងថា ជំនួបវិនិយោគកម្ពុជានេះ នឹងជំរុញឱ្យសហគ្រិនខ្មែររួមគ្នាបង្កើននូវដៃគូ វិនិយោគយុទ្ធសាស្ត្រនៅក្នុងវិស័យសំខាន់ៗ ដូចជាវិស័យទេសចរណ៍ កសិទេសចរណ៍ បដិសណ្ឋារកិច្ច និងទេសចរណ៍អចលនទ្រព្យ ជាដើម ហើយក៏ជាយន្តការអនុវត្តពិសេសមួយរបស់កម្ពុជា សម្រាប់ភ្ជាប់សហគ្រាសជាតិដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ជាមួយវិនិយោគិនដែលមានបទពិសោធន៍ និងគុណវុឌ្ឍ តាមរយៈគំរូអាជីវកម្មដែលមានរចនាសម្ព័ន្ធ ច្បាស់លាស់ តម្លាភាព និងផ្តោតលើលទ្ធផល៕

