ក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋពីលក្ខខណ្ឌចាំបាច់ ដើម្បីអាចធ្វើលិខិតឆ្លងដែនធម្មតា

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានជូនដំណឹងដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ នូវលក្ខខណ្ឌសំខាន់ៗ និងចាំបាច់ ដើម្បីអាចធ្វើលិខិតឆ្លងដែនធម្មតាបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានបង្ហោះសារកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ដើម្បីអាចធ្វើលិខិតឆ្លងដែនធម្មតា ចាំបាច់ត្រូវមានលក្ខខណ្ឌចំនួន៤ដូចខាងក្រោម៖

១. ឯកសារសម្រាប់ធ្វើលិខិតឆ្លងដែន

  -សម្រាប់ពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត រួមជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីអត្តសញ្ញាណសញ្ជាតិខ្មែរ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

  -សម្រាប់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខអក្សរពីឪពុកម្តាយ ឬអាណាព្យាបាល ដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និងសេចក្តីចម្លងសំបុត្រកំណើត។

២.បែបបទ នៃការផ្តល់លិខិតឆ្លងដែន

  -អ្នកស្នើសុំលិខិតឆ្លងដែនធម្មតា ត្រូវបំពេញពាក្យសុំលិខិតឆ្លងដែនមួយច្បាប់ ដែលត្រូវផ្តិតស្នាមម្រាមដៃ ថតរូប និងចុះហត្ថលេខាផ្ទាល់នៅនាយកដ្ឋានលិខិតឆ្លងដែន ឬសាខាលិខិតឆ្លងដែន

  -ភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៣.តម្លៃ និងរយៈពេលអតិបរមាសម្រាប់ការផ្តល់សេវា (ថ្ងៃធ្វើការ)

   *សម្រាប់មនុស្សចាស់មានសុពលភាព ១០ឆ្នាំ

     -សេវាធម្មតា តម្លៃ ១០០$  រយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការ 

     -សេវាឆាប់រហ័សកម្រិតមធ្យម  តម្លៃ ១៥០$   រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ 

     -សេវាឆាប់រហ័ស តម្លៃ ២០០$  រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការ 

   *សម្រាប់កូនក្មេង អាយុក្រោម០៦ឆ្នាំ មានសុពលភាព ០៥ឆ្នាំ

     -សេវាធម្មតា តម្លៃ ៨០$  រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ 

     -សេវាឆាប់រហ័សកម្រិតមធ្យម  តម្លៃ ១២០$ រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ 

     -សេវាឆាប់រហ័ស តម្លៃ ១៦០$  រយៈពេល០១ថ្ងៃនៃថ្ងៃធ្វើការ 

     *ចំពោះការផ្តល់សេវាឆាប់រហ័សនៅតាមបណ្តាសាខានឹងត្រូវផ្តល់ជូនក្នុរយៈពេល៣(បី)ថ្ងៃយ៉ាងយូរ។

៤.ទីតាំងផ្តល់សេវា

-នាយកដ្ឋានលិខិតឆ្លងដែន នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

-សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២

-សាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

យ៉ាងណា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ អះអាងថា ដើម្បីមានភាពងាយស្រួល និងសម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោងធ្វើការ ដោយមានមន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕