នេប៉ាល់ ចេញមុខទាមទារសំណង ២០លានដុល្លារពីប្រទេសបញ្ចេញឧស្ម័នពុលនានា ក្រោយគ្រោះមហន្តរាយទឹកជំនន់

អន្តរជាតិ

ប្រទេសនេប៉ាល់ បានស្នើសុំឲ្យមានការផ្តល់សំណងជាទឹកប្រាក់ចំនួន ២០លានដុល្លារពីមូលនិធិអាកាសធាតុរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗ ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយអំពាវនាវដល់ប្រទេសនានាដែលបញ្ចេញឧស្ម័នពុលច្រើនជាងគេបំផុតរបស់ពិភពលោកឲ្យភ្ញាក់ខ្លួនឡើង និងចែករំលែកការទទួលខុសត្រូវទាំងនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសជាមួយកាសែត The Guardian នៅថ្ងៃទី៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក Shisir Khanal បានបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុ និងក្រសួងបរិស្ថានបានផ្ញើលិខិតរួមគ្នាទៅកាន់មូលនិធិខូចខាត និងបាត់បង់របស់អង្គការសហប្រជាជាតិ (United Nations Loss and Damage Fund) ដោយស្នើសុំសំណងចំនួន ២០លានដុល្លារសម្រាប់ការខូចខាតទាក់ទងនឹងការផ្លាស់ប្តូរអាកាសធាតុ។

លោក Khanal បានសង្កត់ធ្ងន់ថា ចំនួនទឹកប្រាក់ដែលប្រទេសនេប៉ាល់ស្នើសុំពីអង្គការសហប្រជាជាតិគឺប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទូទាត់សងសម្រាប់ការខូចខាតដែលប្រទេសខ្លួនបានរងទុក្ខនោះទេ។ យោងតាមការប៉ាន់ស្មានមួយចំនួន ការខូចខាតសរុបដែលបណ្តាលមកពីទឹកជំនន់អាចកើនឡើងដល់ចំនួនជាង ៥ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីរូបនេះ ក៏បានអំពាវនាវឲ្យមានការផ្តល់យុត្តិធម៌ចំពោះបញ្ហាអាកាសធាតុ និងបានសង្កត់ធ្ងន់ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក ត្រូវតែចូលរួមចំណែកដើម្បីជួយប្រទេសនេប៉ាល់ឱ្យងើបឡើងវិញ និងកសាងប្រទេសឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗដ៏សាហាវមួយនេះ។

ជម្រាបជូនថា ប្រទេសនេប៉ាល់ មានចំនួនតិចជាង ០,១% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់សរុបទូទាំងពិភពលោក ខណៈពេលដែលប្រទេសជិតខាងរបស់ខ្លួន ដូចជាប្រទេសឥណ្ឌា និងប្រទេសចិន គឺជាប្រទេសដែលបញ្ចេញឧស្ម័នពុលច្រើនជាងគេបំផុតរបស់ពិភពលោក។ ជួរភ្នំហិម៉ាឡៃ ដែលលាតសន្ធឹងឆ្លងកាត់ប្រទេសឥណ្ឌា ប្រទេសចិន នេប៉ាល់ និងប៊ូតាន កំពុងកើនឡើងកំដៅយ៉ាងខ្លាំងក្នុងអត្រាជិត ៥០%៕