ចិន បន្តទិញចូលមាសជាង ២០ តោនបន្ថែមទៀតសម្រាប់ប្រើប្រាស់ជាទុនបម្រុងរបស់ខ្លួន

អន្តរជាតិ

ធនាគារប្រជាជនចិន (PBOC) បានបន្តទិញមាសរបស់ខ្លួនបន្ថែមទៀត នៅក្នុងខែសីហា ជាមួយនឹងបរិមាណទិញច្រើនបំផុតក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៧ ខែកញ្ញា ធនាគារប្រជាជនចិន (PBOC) បានប្រកាសតួលេខដែលបង្ហាញថា ខ្លួនបានទិញមាសបន្ថែមចំនួន ៦៥០ ០០០ អោន (ជាង ២០ តោន) សម្រាប់ទុនបម្រុងរបស់ខ្លួននៅក្នុងខែសីហា។ នេះគឺជាការទិញមាសច្រើនបំផុតគិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។

បច្ចុប្បន្ន ទុនបម្រុងមាសរបស់ប្រទេសចិនមានចំនួន ៧៦,៧៣ លានអោន ដែលស្មើនឹង ១០% នៃទុនបម្រុងរូបិយប័ណ្ណបរទេសសរុបរបស់ខ្លួន។ ហើយតម្លៃនៃលោហធាតុដ៏មានតម្លៃដែលប្រទេសចិនកំពុងរក្សាទុកនេះ មានលើសពី ៣៥០ពាន់លានដុល្លារ។

គួរឲ្យដឹងថា កណ្តាលរបស់ប្រទេសចិនមួយនេះ បានទិញមាសជាប់ៗគ្នាអស់រយៈពេល ២២ខែមកហើយ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើចម្រុះកម្ម ដើម្បីពង្រីកជម្រើស ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន។

ជម្រាបជូនផងដែរថា យោងតាមក្រុមប្រឹក្សាមាសពិភពលោក (WGC) បានបង្ហាញថា ធនាគារកណ្តាលនានា បានទិញមាសសរុប ១៣០ តោន ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើង ៣០ តោន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សកម្មភាពនេះបានបង្កើតឱ្យមានតម្រូវការមាសយ៉ាងរឹងមាំ ចំពេលមានអស្ថិរភាពភូមិសាស្ត្រនយោបាយ ហានិភ័យអតិផរណា និងការផ្លាស់ប្តូរការព្យាករគោលនយោបាយរូបិយវត្ថុពិភពលោក៕​