ជម្លោះនៅមជ្ឈិមបូព៌ាកំពុងធ្វើឲ្យពលរដ្ឋអាមេរិក ត្រូវរ៉ាប់រងលើថ្លៃថាមពលខ្ពស់ជាងមុន ហើយវាអាចនឹងត្រូវចំណាយកាន់តែច្រើនថែមទៀត ខណៈពេលដែលជម្លោះនេះនៅតែបន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

យោងតាមការស្រាវជ្រាវមួយពីសាលា Watson ដែលផ្តោតលើកិច្ចការសាធារណៈ និងអន្តរជាតិ បានបង្ហាញថា អ្នកប្រើប្រាស់ជនជាតិអាមេរិកបានចំណាយប្រាក់បន្ថែមចំនួន ១០០,៩ពាន់លានដុល្លារលើប្រេងសាំង និងប្រេងម៉ាស៊ូត ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។ ចំនួននេះស្មើនឹង ៧៧០ដុល្លារក្នុងមួយគ្រួសារ ហើយអាចនឹងកើនឡើងបន្ថែមទៀត ខណៈពេលដែលតម្លៃប្រេងឥន្ធនៈនៅតែមានកម្រិតខ្ពស់។
ទន្ទឹមនឹងនេះ លោក Tom Kloza ទីប្រឹក្សាជាន់ខ្ពស់ផ្នែកថាមពលនៅ Gulf Oil បានប្រាប់បណ្តាញព័ត៌មាន CNN កាលពីចុងសប្តាហ៍មុនថា៖ “យើងកំពុងឈានចូលរដូវស្លឹកឈើជ្រុះជាមួយនឹងតម្លៃប្រេងសាំងថ្លៃបំផុតមិនធ្លាប់មាន ប៉ុន្តែអ្វីដែលកាន់តែព្រួយបារម្ភនោះគឺប្រេងម៉ាស៊ូត។ ការកើនឡើងនៃតម្លៃប្រេងម៉ាស៊ូតនឹងធ្វើឱ្យតម្លៃទំនិញ និងសេវាកម្មកើនឡើងនៅគ្រប់វិស័យ”។
គួរឲ្យដឹងផងដែរថា តែប្រេងសាំងមួយមុខ បានធ្វើឱ្យអ្នកប្រើប្រាស់អាមេរិកត្រូវចំណាយបន្ថែមចំនួន ៥៥ពាន់លានដុល្លារ ដែលស្មើនឹងជាមធ្យម ៤២២ដុល្លារក្នុងមួយគ្រួសារ។ យោងតាមសមាគមរថយន្តអាមេរិក (AAA) តម្លៃប្រេងសាំង កាលពីថ្ងៃទី៨ ខែកញ្ញា បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ខែចុងក្រោយ ដោយលើសពី ៤,១៥ដុល្លារក្នុងមួយហ្គាឡុង (ឬស្មើនឹង ១,១០ដុល្លារក្នុងមួយលីត្រ)។
ជម្រាបជូនថា បើគិតពេលដូចគ្នានេះកាលពីឆ្នាំមុន តម្លៃប្រេងសាំងមានត្រឹមតែ ៣,២០ដុល្លារប៉ុណ្ណោះ ហើយមុនពេលមានជម្លោះ វាមានតម្លៃប្រហែល ២,៩៨ដុល្លារក្នុងមួយហ្គាឡុង។ តែទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងសាំងបានថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងតម្លៃ ៤,៥៦ដុល្លារកាលពីខែឧសភា និងកម្រិតកំណត់ត្រាខ្ពស់បំផុត ៥,០២ដុល្លារក្នុងឆ្នាំ២០២២ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន៕

