ប្រមុខការទូតចិន ចាប់ផ្ដើមបំពេញទស្សនកិច្ចទៅអាមេរិក ខណៈជំនួបជាមួយលោក បៃដិន នៅស្រពេចស្រពិល

អន្តរជាតិ

ប្រមុខការទូតចិន លោក Wang Yi បានចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ខណៈក្ដីរំពឹងនៃការជួបគ្នារវាងលោក និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសចិន នឹងចាប់ផ្ដើមដំណើរទស្សនកិច្ច ដោយជួបជាមួយប្រមុខការទូតអាមេរិក លោក Antony Blinken ហើយក្រោយបញ្ចប់កិច្ចពិភាក្សា រដ្ឋមន្ត្រីជាន់ខ្ពស់ទាំង ២រូប ក៏នឹងទទួលទានអាហារពេលល្ងាច​ជាមួយគ្នាផងដែរ។

នាថ្ងៃទី២៧ ខែតុលា លោក Wang នឹងជួបជាមួយទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan នៅសេតវិមាន ខណៈមិនមានការបញ្ជាក់ពីជំនួបរវាងលោក និងមេដឹកនាំអាមេរិកឡើយ ប៉ុន្តែ​មានក្ដីរំពឹងខ្ពស់ថា រដ្ឋមន្ត្រីការបរទេសចិន នឹងទទួលបានឱកាសជួបជជែកជាមួយលោក ចូ បៃដិន ដូចទៅនឹងមេដឹកនាំចិន លោក ស៊ី ជិនពីង ស្វាគមន៍ប្រមុខការទូតអាមេរិក Blinken កាលពីខែមិថុនា នៅទីក្រុងប៉េកាំង។

សូមជម្រាបដែរថា មេដឹកនាំកំពូលចិន អាចនឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខ បន្ទាប់ពីទទួលបានការអញ្ជើញពីប្រធានាធិបតីអាមេរិក សម្រាប់ការចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC ធ្វើឡើងនាខែក្រោយ នៅទីក្រុង San Francisco៕