លោក ចូ បៃឌិន បញ្ជាក់ថាអាមេរិក នឹងចរចាដោយសន្តិវិធីជាមួយចិន ក្នុងកិច្ចប្រជុំកំពូល G20

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា ប្រទេសរបស់លោក នឹងរក្សាទំនាក់ទំនងដោយបើកចំហរ និងព្យាយាមស្វែងរកការចរចាដោយគ្មានជម្លោះជាមួយប្រទេសចិន បន្ទាប់ពីមានការរំពឹងទុកជាច្រើនថា កិច្ចពិភាក្សារវាងមេដឹកនាំកំពូលទាំង ២ អាចនឹងមានភាពតានតឹងខ្លាំង លើបញ្ហាភូមិសាស្រ្តនយោបាយ នៅក្នុងកិច្ចប្រជុំកំពូល G20 ដែលត្រូវធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃស្អែកនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន ThaiPBSword នៅថ្ងៃចន្ទនេះ បានបង្ហាញថា លោក បៃឌិន និងភាគីចិន លោក ស៊ី ជិនពីង គ្រោងនឹងជួបទល់មុខគ្នា ជាលើកដំបូង ចាប់តាំងពីលោក បៃឌិន ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកមក ខណ:ទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ បានធ្លាក់ចុះជាលំដាប់ ។

យ៉ាងណាបើតាម លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ចូ បៃឌិន បានបង្ហើបប្រាប់ទៅកាន់អ្នកសារព័ត៌មានថា កិច្ចប្រជុំរវាងមេដឹកនាំសហរដ្ឋអាមេរិក និងប្រធានាធិបតីចិន អាចនឹងមានរយ:ពេល ពីរទៅបីម៉ោង ។

បន្ថែមពីនេះ លោក បៃឌិន ដែលបានមកដល់ទឹកដីកោះបាលី ក្រោយពីចូលរួមក្នុងកិច្ចប្រជុំកំពូលអស៊ាន នៅប្រទេសកម្ពុជា បាននិយាយថា សហរដ្ឋអាមេរិក នឹងបង្ហាញគោលជំហររបស់ខ្លួន ដើម្បីប្រកួតប្រជែងពេញទំហឹងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ប៉ុន្តែនៅក្នុងនោះផងដែរ លោក បៃឌិន បានធ្វើការធានាថា ការប្រកួតប្រជែងនេះ នឹងមិន​បង្ក​ឱ្យក្លាយទៅជាជម្លោះនោះឡើយ៕