លោក ត្រាំ​ គំរាមដំឡើងពន្ធនាំចូលលើជប៉ុន ដោយសារមិនព្រមទិញអង្ករពីអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក កាលពីពេលថ្មីៗនេះ​ បានគំរាមដំឡើងពន្ធគយខ្ពស់លើការនាំចូលទំនិញរបស់ជប៉ុន ដោយលើកឡើងថារដ្ឋាភិបាលទីក្រុងតួក្យូមិនចង់ទិញអង្កររបស់អាមេរិកនោះទេ​ បើទោះបីជាកំពុងខ្វះខាតតម្រូវការក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ​ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនាថា ៖​”ប្រទេសជប៉ុន មិនចង់ទិញអង្ករពីអាមេរិកនោះទេ ខណ:ពេលដែលពួកគេកំពុងមានភាពខ្វះខាតអង្ករយ៉ាងខ្លាំងក៏ដោយ។ ម្យ៉ាងវិញទៀត យើងនឹងផ្ញើលខិតមួយទៅកាន់ពួកគេ ហើយយើងចង់បន្តធ្វើជាដៃគូពាណិជ្ជកម្មជាមួយពួកគេ​ ច្រើនឆ្នាំទៅមុខទៀត ជាមួយនឹងការដំឡើងពន្ធថ្មី”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយឆ្លើយតបទៅនឹងការព្រមានរបស់លោក ត្រាំ​ ប្រធានសេដ្ឋវិទូ លោក​ Ryosei Akazawa បាននិយាយថា ប្រទេសជប៉ុន នឹងមិនលះបង់វិស័យកសិកម្ម ក្នុងការចរចារពន្ធគយជាមួយសហរដ្ឋអាមេរិកនោះទេ។

លោក Akazawa បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖”ខ្ញុំបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថាកសិកម្ម​ គឺជាមូលដ្ឋានគ្រឹះជាតិរបស់ប្រទេសជប៉ុន ។ នៅពេលចរចាជាមួយសហរដ្ឋអាមេរិក ជំហររបស់យើងនៅតែមិនផ្លាស់ប្តូរ។ យើងនឹងមិនចូលរួមក្នុងការចរចាណាមួយ ដែលអាចប៉ះពាល់ដល់វិស័យកសិកម្មនោះឡើយ”។

យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោក ត្រាំ​​ ហាក់មិនមែនជារឿងពិតនោះឡើយ ដោយយោងតាមទិន្នន័យពាណិជ្ជកម្មរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក បានបង្ហាញថា ប្រទេសជប៉ុនបាននាំចូលអង្ករពីប្រទេសនេះមានតម្លៃ ២៩៨លានដុល្លារក្នុងឆ្នាំ២០២៤។ ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៥ នេះ ទីក្រុងតូក្យូបានទិញអង្ករមានតម្លៃ ១១៤លានដុល្លារ ដែលជាតម្លៃខ្ពស់បំផុតជាប្រវត្តិសាស្ត្រ៕​