ជប៉ុន គ្រោងបញ្ចេញប្រេងក្នុងចំនួនកំណត់ត្រាពីទុនបម្រុងរបស់ខ្លួន

អន្តរជាតិ

ប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងបញ្ចេញប្រេងក្នុងចំនួន ៨០ លានបារ៉ែលពីទុនបម្រុងរបស់ខ្លួន ដែលជាចំនួនកំណត់ត្រា ឬស្មើនឹង ៤៥ថ្ងៃនៃការផ្គត់ផ្គង់របស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ជប៉ុនមានគម្រោងបញ្ចេញប្រេងពីទុនបម្រុងរបស់ខ្លួន ចាប់ពីថ្ងៃទី១៦ ខែមីនា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ាលើតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេស។

រដ្ឋាភិបាលជប៉ុន បានណែនាំរោងចក្រចម្រាញ់ប្រេងក្នុងស្រុកឲ្យប្រើប្រាស់ប្រេងឥន្ធនៈដែលបញ្ចេញពីទុនបម្រុងរបស់ពួកគេ ដើម្បីធានាការផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក។ ការបញ្ចេញប្រេងរបស់ប្រទេសជប៉ុនពីទុនបម្រុងរបស់ខ្លួននេះ​ បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងតូក្យូវាយតម្លៃហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ថាមានសភាពធ្ងន់ធ្ងរខ្លាំងណាស់។

ជម្រាបជូនថា ទីក្រុងតូក្យូ​ពីមុន​បាន​បង្កើត​ប្រព័ន្ធ​ទុនបម្រុង​មួយ​បន្ទាប់ពី​វិបត្តិ​ប្រេង​កាលពី​កន្លះ​សតវត្សរ៍មុន គឺ​នៅ​ឆ្១៩៧៨។ បច្ចុប្បន្ន ជប៉ុន​ពឹងផ្អែក​លើ​ប្រេងពីមជ្ឈិមបូព៌ា​ប្រហែល ៩០% នៃ​ការផ្គត់ផ្គង់​ប្រេង​របស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ប្រទេស​នេះ​ក៏​មាន​ទុនបម្រុង​ស្មើនឹង ២៥៤ថ្ងៃ​នៃ​ការប្រើប្រាស់​ផងដែរ ដែល​ធ្វើ​ឲ្យ​ជប៉ុន​ក្លាយជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​មាន​សមត្ថភាព​ទុនបម្រុង​ខ្ពស់បំផុត​ក្នុង​ពិភពលោក៕​