ប្រទេសកូរ៉េខាងត្បូង បានអនុម័តទៅលើច្បាប់ថ្មីមួយ កាលពីថ្ងៃពុធ ដើម្បីហាមប្រាមការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍ឌីជីថលផ្សេងទៀត នៅក្នុងថ្នាក់រៀន នៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការហាមឃាត់នេះ ត្រូវបានធ្វើឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីផលប៉ះពាល់នៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមយុវវ័យ។
យ៉ាងណាមិញ ការហាមប្រាមដែលនឹងត្រូវចូលជាធរមានចាប់ពីខែមីនា ឆ្នាំក្រោយនេះ នឹងធ្វើឲ្យកូរ៉េខាងត្បូងក្លាយជាប្រទេសចុងក្រោយគេមួយ ក្នុងការរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូន និងប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងចំណោមអនីតិជន។
គួរឲ្យដឹងផងដែរថា កាលពីពេលថ្មីៗនេះ ប្រទេសអូស្រ្តាលី ក៏បានពង្រីកការហាមឃាត់ការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់ក្មេងជំទង់ផងដែរ។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថា កូរ៉េខាងត្បូង គឺជាប្រទេសដែលមានទំនាក់ទំនងឌីជីថលច្រើនជាងគេបំផុតលើពិភពលោក ដោយ ៩៩% នៃប្រជាជនកូរ៉េខាងត្បូង ប្រើប្រាស់អ៊ីនធើណិត និង ៩៨% ជាម្ចាស់ស្មាតហ្វូន៕

