អ្នកចរចាពន្ធគយកំពូលរបស់តៃវ៉ាន់ បាននិយាយថាវាជារឿងមិនអាចទៅរួចនោះឡើយ ក្នុងការផ្ទេរសមត្ថភាពផលិតកម្មបន្ទះឈីបរបស់ខ្លួន ៤០% ទៅកាន់ទឹកដីសហរដ្ឋអាមរិកនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍តៃវ៉ាន់ CTS លោកស្រី Cheng Li-chiun ដែលជាអ្នកនយោបាយជាន់ខ្ពស់របស់តៃវ៉ាន់ បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ប្រព័ន្ធអេកូឡូស៊ីបន្ទះឈីបរបស់តៃវ៉ាន់ ដែលបានបង្កើតឡើងអស់រយៈពេលជាច្រើនទសវត្សមកហើយនោះ មិនអាចផ្លាស់ប្តូរទីតាំងបាននោះទេ។
លើសពីនេះ លោកស្រី Cheng បាននិយាយទៀតថា ប្រព័ន្ធអេកូឡូស៊ីបន្ទះឈីបនឹងបន្តរីកចម្រើននៅតៃវ៉ាន់ ដោយមិនចាំបាច់ត្រូវផ្លាស់ប្តូរទីតាំងនោះឡើយ ប៉ុន្តែចំពោះការវិនិយោគលើឧស្សាហកម្មប្រភេទនេះ នឹងត្រូវបន្តធ្វើឡើងនៅក្រៅស្រុកបានដដែល។
យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោកស្រី Cheng បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានស្នើឲ្យមានការផ្ទេរផលិតកម្មបន្ទះឈីប ៤០% របស់តៃវ៉ាន់ ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ជាផ្នែកមួយនៃការចរចាពន្ធគយ។
គួរឲ្យដឹងថា កន្លងមកតៃវ៉ាន់ និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកាលពីខែមុន ដើម្បីបន្ថយពន្ធលើការនាំចេញរបស់ដីកោះនេះ មកត្រឹម ១៥% ពី ២០% ខណៈតៃវ៉ាន់ បានសន្យាបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងទឹកដីសហរដ្ឋអាមេរិកវិញ។ ក្នុងនោះ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបតាមកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក កំពុងបោះទុនវិនិយោគ ១៦៥ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រនៅក្នុងរដ្ឋ Arizona របស់សហរដ្ឋអាមេរិក៕

