អនាគតប្រមុខការទូតអាមេរិក បន្ទោសថៃចំៗថា​ ជម្លោះព្រំដែនជាមួយកម្ពុជា​ គ្មានបានផ្តល់ផលប្រយោជន៍អ្វីឡើយ

អន្តរជាតិ

បេក្ខភាពឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃ លោក Sean O’Neill បានចេញមុខនិយាយចំៗថា​ ជម្លោះដូចជាការប៉ះទង្គិចប្រដាប់អាវុធនៅព្រំដែន របស់ប្រទេសថៃ ជាមួយកម្ពុជានាពេលពេលថ្មីៗនេះ មិនបានជួួយផ្តល់អ្វីជាប្រយោជន៍ដល់ប្រជាជនថៃ និងសម្ព័ន្ធភាពរវាងប្រទេសនេះ ជាមួយសហរដ្ឋអាមេរិក នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក O’Neill ដែលជាមន្ត្រីការបរទេស និងធ្លាប់បម្រើការ ២ដងជាអ្នកការទូតថៃ បានបញ្ជាក់ច្បាស់ៗបែបនេះ នៅក្នុងសវនាការរបស់ព្រឹទ្ធសភា នៅពេលត្រូវបានគេសួរនាំអំពីការប៉ះទង្គិចគ្នាអស់រយ:ពេល ៥ ថ្ងៃ រវាងថៃ និងកម្ពុជា ដែលបានធ្វើឲ្យមនុស្សជាច្រើននាក់ បាត់បង់ជីវិត និងប្រជាជនប្រមាណ ៣០០ ០០០ នាក់ ត្រូវភៀសខ្លួនចេញពីតំបន់មានជម្លោះ។

គួរឲ្យដឹងផងដែរថា​ ភាគីកម្ពូជា និងថៃ​ បានឈានដល់ការព្រមព្រៀងគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌមួយ បន្ទាប់ពីការជួបប្រជុំពិសេសដែលរៀបចំធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ ដើម្បីឈានដល់ទៅការបញ្ចប់ជម្លោះ។

កិច្ចព្រមព្រៀងនេះ ផងដែរ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានព្រមានមេដឹកនាំថៃ និងកម្ពុជា កាលពីចុងសប្តាហ៍មុនថា ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងត្រូវបានកើតឡើងនោះឡើយ ប្រសិនការប្រយុទ្ធគ្នានៅតែបន្ត។

យ៉ាងណាមិញ នៅពេលត្រូវបានគេសួរថា តើលោកនឹងត្រូវធ្វើអ្វី ដើម្បីធានាបានថាបទឈប់បាញ់នេះ នឹងក្លាយជាកិច្ចព្រមព្រៀងសន្តិភាពរយ:ពេលវែង ខណ:លោក O’Neill បានបញ្ជាក់ថា ៖” ខ្ញូំគិតថារឿងដំបូងដែលខ្ញុំនឹងត្រូវធ្វើ គឺចង្អុលទៅប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាតែមួយគត់របស់យើងនៅអាស៊ីថា សង្គ្រាមបែបនេះ ជម្លោះបែបនេះ នឹងមិនជួយអ្វីជាប្រយោជន៍ដល់ប្រជាជនរបស់ពួកគេឡើយ”។

អនាគតប្រមុខការទូតរូបនេះ បានបន្តទៀតថា៖”ពួកគេនឹងមិនបានជួយអ្វីដើម្បីពង្រឹងសម្ព័ន្ធភាពរបស់យើងឡើយ ពួកគេនឹងមិនជួយអ្វីដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រទេសរបស់យើងទាំងពីរកំពុងប្រឈមមុខនោះទេ។ ពួកគេគ្រាន់តែខ្ជះខ្ជាយអាយុជីវិត និងទ្រព្យសម្បត្តិដោយមិនចាំបាច់ តែប៉ុណ្ណោះ”។

ជម្រាបជូនផងដែរថា​ ជម្លោះប្រដាប់អាវុធតាមព្រំដែន បានកើតឡើង បន្ទាប់ពីប្រទេសថៃ​ បានចូលឈ្លានពានទឹកដីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ដែលធ្វើឲ្យមនុស្សច្រើនបាត់បង់ជីវិតនិងរបួស និងប្រជាជនរាប់ម៉ឺននាក់ភៀសខ្លួន៕