មេបញ្ជាការកំពូលកងទ័ពអាមេរិកម្នាក់ ត្រូវប្រាប់ឲ្យចុះចេញពីតំណែងភ្លាមៗ ដោយមិនដឹងពីមូលហេតុ

អន្តរជាតិ

មន្ទីរបញ្ចកោណ បានប្រកាសនៅថ្ងៃទី២ ខែមេសាថា លោកឧត្តមសេនីយ៍ Randy A. George ដែលជាប្រធានបុគ្គលិកនៃកងទ័ពសហរដ្ឋអាមេរិក នឹងចាកចេញពីតំណែង ហើយចូលនិវត្តន៍ភ្លាមៗ តាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth។ នេះបើតាមកាចុះផ្សាយសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានប្រកាសថា ៖”ឧត្តមសេនីយ៍ George នឹងចុះចេញពីតំណែងជាប្រធានបុគ្គលិកទី៤១ នៃកងទ័ព ដើម្បីចូលនិវត្តន៍ ដែលនឹងមានប្រសិទ្ធភាពភ្លាមៗ។ ក្រសួងសង្គ្រាមមានការដឹងគុណចំពោះការបម្រើប្រទេសអស់រយៈពេលជាច្រើនទសវត្សរបស់ឧត្តមសេនីយ៍ George។ យើងសូមជូនពរឲ្យលោកទទួលបានជោគជ័យក្នុងការចូលនិវត្តន៍នេះ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Parnell មិនបានលើកឡើងពីមូលហេតុនៃការសម្រេចចិត្តបញ្ចប់មុខតំណែងនេះនោះទេ។ លោក George កាន់តំណែងជាប្រធានបុគ្គលិកកងទ័ព ដែលជាធម្មតាមានអាណត្តិបួនឆ្នាំ ដោយចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ​ តាមការចុះផ្សាយពីសារព័ត៌មាន CBS បានបង្ហាញឲ្យដឹងថា លោក Hegseth បានស្នើឲ្យលោក George ចូលនិវត្តន៍ភ្លាមៗ ដើម្បីជំនួសតំណែងរបស់លោកជាមួយអ្នកថ្មីផ្សេងទៀត ដោយស្របតាមចក្ខវិស័យរបស់ក្រសួង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការរុះរើមន្ត្រីចាស់ៗ សម្រាប់ជួរកងទ័ព។

ជម្រាបជូនថា ឧត្តមសេនីយ៍ George គឺជាឈ្មោះចុងក្រោយបង្អស់ក្នុងចំណោមមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនដែលបានបាត់បង់តំណែងរបស់ពួកគេក្នុងអំឡុងពេលអាណត្តិទីពីររបស់ប្រធានាធិបតី លោក ត្រាំ។ មុននេះ លោក ត្រាំ ក៏បានបណ្តេញលោក Charles Brown ចេញពីតំណែងជាប្រធានអគ្គសេនាធិការចម្រុះក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ដោយមិនបានផ្តល់ហេតុផល ផងដែរ៕​