រដ្ឋាភិបាលជប៉ុន បានឲ្យដឹងដឹងកាលពីពេលថ្មីៗនេះថា ខ្លួននឹងចាប់ផ្តើមបញ្ចេញអង្ករពីក្នុងស្តុក ទៅឲ្យអ្នកលក់រាយធំៗ នៅក្នុងប្រទេស ដើម្បីកាត់បន្ថយតម្លៃអង្ករនៅលើទីផ្សារ ដែលកំពុងមានការកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីរបស់ប្រទេសជប៉ុន លោក Shinjiro Koizumi បាននិយាយកាលពីថ្ងៃទី២៦ ខែឧសភាថា យុទ្ធសាស្រ្តរបស់រដ្ឋាភិបាលក្នុងការដាក់ដេញថ្លៃលើអង្ករស្តុកទុកពីមុន ហាក់មិនទទួលបានប្រសិទ្ធភាព ក្នុងការកាត់បន្ថយតម្លៃនៅលើទីផ្សារនោះឡើយ ដូច្នេះហើយ ទើបរដ្ឋាភិបាល ត្រូវផ្លាស់ប្តូរវិធានការរបស់ខ្លួន ដោយនឹងលក់អង្ករក្រោមកិច្ចសន្យា ទៅឲ្យអ្នកចែកចាយធំៗជំនួសវិញ។
លោក Koizumi បាននិយាយទៀតថា វិធានការចែកចាយអង្ករនេះនឹងត្រូវធ្វើឡើងនៅដើមខែមិថុនា ខាងមុខ ហើយបរិមាណអង្ករដែលនឹងត្រូវបញ្ចេញពីស្តុកនឹងមានសរុបប្រមាណ ៣០ម៉ឺនតោន។ រដ្ឋមន្ត្រីរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលនឹងនៅតែអាចបញ្ចេញអង្ករចេញពីស្តុកបន្ថែមទៀត ប្រសិនបើតម្រូវការនៅតែមានកម្រិតខ្ពស់។
គួរឲ្យដឹងថា តម្លៃអង្ករនៅក្នុងប្រទេសជប៉ុនបានឡើងថ្លៃក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ ដោយបានដាក់សម្ពាធលើមេដឹកនាំរបស់ជប៉ុន នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់ដែលនៅនឹងត្រូវធ្វើឡើងនៅខែកក្កដា។ លោក Koizumi បានចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី នៅថ្ងៃទី២១ ខែឧសភា បន្ទាប់ពីរដ្ឋមន្ត្រីចាស់ លោក Taku Eto បានលាលែងពីតំណែង។ ជុំវិញការចុះចេញពីតំណែងនេះ បានកើតឡើង ក្រោយលោក Eto បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងជាសាធារណៈ បន្ទាប់ពីបាននិយាយថា លោកមិនចាំបាច់ត្រូវទិញអង្ករនោះទេ ដោយសារទទួលបានអំណោយពីអ្នកគាំទ្រ។
ជម្រាបជូនផងដែរថា យោងតាមទិន្នន័យកាលពីថ្ងៃទី២៣ ខែឧសភា បានបង្ហាញថា តម្លៃអង្ករនៅជប៉ុន បានកើនឡើងដល់ ៩៨,៥% ធៀបទៅនឹងឆ្នាំមុន។ ហើយជុំវិញមូលហេតុដែលនាំឲ្យតម្លៃស្រូវអង្ករឡើងថ្លៃដោយសារកង្វះការផ្គត់ផ្គង់រួមមានការថយចុះនៃផលិតកម្មដោយសារអាកាសធាតុក្តៅក្នុងឆ្នាំ២០២៣ រួមទាំងការកើនឡើងនូវចំនួនភ្ញៀវទេសចរមិនធ្លាប់មាន ផងដែរ៕

