អ្នកមានដាច់គេទី២ របស់ថៃ ចាប់ផ្តើមផ្ទេរភាគហ៊ុន ទៅឲ្យកូនៗកាប់កាប់ជំនួស

អន្តរជាតិ

មហាសេដ្ឋីលំដាប់ទីពីររបស់ប្រទេសថៃ លោក Charoen Sirivadhanabhakdi ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការបែងចែកភាគហ៊ុន នៅក្នុងក្រុមហ៊ុនធំៗចំនួនពីររបស់ខ្លួន ទៅឲ្យកូនៗទាំងប្រាំនាក់ កាន់កាប់បន្ត ខណ:នេះហាក់ជាសញ្ញាមួយបង្ហាញថា លោក Charoen កំពុងតែដើរចេញពីមុខជំនួញរបស់ខ្លួនបន្តិចម្តងៗហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thaiger។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឯកសារផ្លូវការមួយដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា បានបង្ហាញថា លោក Charoen បានលក់ភាគហ៊ុនទាំងអស់របស់ខ្លួន នៅក្នុងក្រុមហ៊ុន Sutthasup 9 ដែលជាអង្គភាពមួយក្តោបក្តាប់ភាគហ៊ុនរួម របស់ក្រុមហ៊ុន Asset World Corp និងក្រុមហ៊ុន Berli Jucker ហើយប្រគល់វាទៅឲ្យកូនៗរបស់ខ្លួន ជាអ្នកកាន់កាប់ជំនួសវិញ។

យ៉ាងណាក៏ដោយ ឯកសារ​នេះ ហាក់​មិន​បាន​បង្ហាញ​ពី​ទំហំ​ពិត​ប្រាកដ​នៃភាគហ៊ុន ដែលលោក Charoen បានកាន់កាប់នៅក្នុងក្រុមហ៊ុន Sutthasup 9 នោះឡើយ។ ទោះបីជាមានការផ្លាស់ប្តូរកម្មសិទ្ធិក៏ដោយ ក្រុមហ៊ុនទាំងនោះបានបញ្ជាក់ថា រចនាសម្ព័ន្ធនៃគ្រប់គ្រង ប្រតិបត្តិការអាជីវកម្ម និងទិសដៅយុទ្ធសាស្ត្រ នឹងនៅដដែល ដោយគ្មានការផ្លាស់ប្តូរឡើយ។

ជម្រាបជូនផងដែរថា លោក Charoen បច្ចុប្បន្ន ត្រូវបានសារព័ត៌មាន Bloomberg ប៉ាន់ស្មានថាមានទ្រព្យសម្បត្តិសរុបប្រហែល ១១,៦ពាន់លានដុល្លារ ខណ:ប្រភពចំណូលធំៗរបស់លោក ទទួលបានពីក្រុមហ៊ុន Thai Beverage Plc ដែលជាអ្នកស្រាវីស្គី និងស្រា​បៀរ​ដ៏ធំបំផុតរបស់ប្រទេសថៃ ក៏ដូចជា Fraser and Neave Ltd ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងក្រុមហ៊ុនអចលនទ្រព្យ Frasers Property ផងដែរ៕