កាលពីថ្ងៃទី២៨ ខែឧសភា នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានបញ្ជាក់ថា លោកស្រី បានធ្វើការទាក់ទងភ្លាមៗជាមួយក្រសួងការពារជាតិ និងបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ដោយយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរយល់ច្បាស់អំពីស្ថានភាព និងកំពុងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាឲ្យបានឆាប់រហ័ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

ជុំវិញការលើកឡើងរបស់លោក Paetongtarn បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយប្រាវ នៅតាមបណ្តោយព្រំដែននាពេលថ្មីៗនេះរវាងទាហានថៃ និងកម្ពុជា ក្នុងតំបន់ចុងបូក ឬមុំបី ដែលជាកន្លែងកំពុងមានជម្លោះស្រាប់។
ជាមួយគ្នា ក្រោយពីមានកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី Paetongtarn បានគូសបញ្ជាក់បន្ថែមថា ៖” យើងមិនចង់ឲ្យបញ្ហានេះកាន់តែរីកធំឡើងទៀតនោះទេ”។
មិនតែប៉ុណ្ណោះ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើទំនាក់ទំនងរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាជាមួយកម្ពុជា អាចជួយដោះស្រាយក្នុងបញ្ហានេះបានឬយ៉ាងណា ខណ:លោកស្រី Paetongtarn បានឆ្លើយតបវិញថា ទំនាក់ទំនងរបស់លោកស្រី ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា គឺល្អស្រាប់រួចទៅហើយ។
ជម្រាបជូនថា យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារសន្តិសុខព្រំដែន ការប៉ះទង្គិចគ្នានេះ បានកើតឡើងនៅវេលាម៉ោង ៥ និង៤៥នាទីព្រឹកថ្ងៃពុធ ដោយមានទាំងទាហានថៃ និងកម្ពុជាចូលរួមក្នុងការប៉ះទង្គិចគ្នា អស់រយ:ពេលប្រហែល ១០ នាទី៕

