ក្រុមហ៊ុនជប៉ុនមានបំណងពង្រីកការវិនិយោគលើការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន YACHIYO Engineering Co., Ltd. បង្ហាញបំណងពង្រីកការវិនិយោគលើគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ ដោយក្រុមហ៊ុនមើលឃើញថា ការវិនិយោគនេះនឹងនាំមកជាមួយនូវបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរយៈជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក DEMIZU Shigemitsu ប្រធានក្រុមហ៊ុន YACHIYO Engineering Co., Ltd. កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នាទីក្រុងតូក្យូ លោកប្រធានក្រុមហ៊ុនបានលើកឡើងអំពីវឌ្ឍនភាពនៃដំណើរការនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជា ពាក់ព័ន្ធនឹងការកែច្នៃសំណល់។

លោកក៏បានគោរពជម្រាបថា ក្រុមហ៊ុនមានគោលបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនលើការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ ដោយបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគនេះនឹងនាំមកជាមួយនូវបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុនមានបច្ចេកវិទ្យាទំនើបក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងតាមទឹកកខ្វក់ ដែលនឹងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការលើកកម្ពស់អនាម័យសាធារណៈ ក៏ដូចជាការចូលរួមអភិវឌ្ឍទីក្រុងឆ្លាត។

ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលកំពុងវិនិយោគលើគម្រោងការកែច្នៃសំណល់នៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាមិនខុសពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជប៉ុននោះទេ ពោលគឺនៅពេលដែលកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែរីកចម្រើន និងចំនួនប្រជាជនកាន់តែកើនឡើង តម្រូវការក្នុងការប្រើប្រាស់ទឹក និងការបញ្ចេញសំណល់ក៏កើនឡើងដូចគ្នាដែរ។ ក្នុងន័យនេះ ការវិនិយោគលើការកែច្នៃសំណល់ និងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ ពិតជាមានភាពចាំបាច់ ដើម្បីឆ្លើយតបនឹងតម្រូវការ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។

សម្តេចធិបតីក៏បានបញ្ជាក់ថារាជរដ្ឋាភិបាលគាំទ្រគោលបំណងពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់នេះ។ សម្តេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុផ្ទាល់។

សូមជម្រាបជូនថា YACHIYO Engineering Co., Ltd. ជាក្រុមហ៊ុនធំបំផុតមួយរបស់ជប៉ុនដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យវិស្វកម្ម ដែលត្រូវបានង្កើតឡើងតាំងពីឆ្នាំ ១៩៦៣។ បច្ចុប្បន្នក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងជាច្រើន និងចម្រុះនៅក្នុងប្រទេសជាង១០០ ជុំវិញពិភពលោក៕