ក្រុមហ៊ុនជប៉ុន កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យបរិស្ថាន និងបញ្ញាសិប្បនិម្មិត (AI)

សង្គម​ និង​សេដ្ឋកិច្ច

ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់របស់កម្ពុជា ក្រុមហ៊ុន Shinto Holdings Inc., របស់ជប៉ុនមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើវិស័យបរិស្ថាន (ការកែច្នៃសំណល់)​ និងបញ្ញាសិប្បនិម្មិត (AI)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក Deng Minghui ប្រធានក្រុមហ៊ុន Shinto Holdings Inc., កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសជំនួបនោះ លោកប្រធានក្រុមហ៊ុនបានលើកឡើងអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យបរិស្ថាន (ជាពិសេសការគ្រប់គ្រងសំណល់) និងបញ្ញាសិប្បនិម្មិត (AI) ជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុនបានចុះបញ្ជីក្នុងផ្សារហ៊ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មជាច្រើនពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅក្នុងប្រទេសជប៉ុន។

ទន្ទឹមនឹងនោះ ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់របស់កម្ពុជា ក្រុមហ៊ុនរបស់ជប៉ុនមួយនេះមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើវិស័យបរិស្ថាន (ការកែច្នៃសំណល់)​ និងបញ្ញាសិប្បនិម្មិត (AI)។

ជាការឆ្លើយតប សម្ដេចធិបតីបានលើកឡើងថា កម្ពុជាមានគោលនយោបាយបើកចំហ និងស្វាគមន៍ការវិនិយោគពីគ្រប់បណ្តាប្រទេសលើពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់វិស័យអាទិភាពផងដែរ។

សម្ដេចធិបតីបន្តថា ស្របពេលដែលកំណើនប្រជាជនបន្តកើនឡើង និងការរីកលូតលាស់នៃនគរូបនីយកម្មនៅតាមទីក្រុង-ប្រជុំជន រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតអាទិភាពលើការវិនិយោគដែលគាំទ្រដល់កិច្ចការពារបរិស្ថាន ដែលរួមមានការកែច្នៃសំណល់ និងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់។

សូមជម្រាបជូនថា ក្រុមហ៊ុន Shinto Holding Inc. ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៤ និងមានអាជីវកម្មក្នុងវិស័យជាច្រើន រួមមាន វិស័យកាត់ដេរ, អចលនទ្រព្យ, ពាណិជ្ជកម្ម, ឧស្សាហកម្មគីមី, ការគ្រប់គ្រងសំណល់, ឧស្សាហកម្មគ្រឿងស្រវឹង, និងបញ្ញាសិប្បនិមិត្ត (AI) ។ ក្រុមហ៊ុននេះបានចុះបញ្ជីក្នុងផ្សារហ៊ុនរបស់ប្រទេសជប៉ុន៕