ឱនភាពពាណិជ្ជកម្មអាមេរិក ធ្លាក់ចុះជិត ៥០% ដោយសារពន្ធគយលោក ត្រាំ

អន្តរជាតិ

ឱនភាពពាណិកម្មទំនិញរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងខែមេសា បន្ទាប់ពីត្រូវបានជំរុញដោយការនាំចេញ និងការធ្លាក់ចុះនៃការនាំចូលទំនិញ ចំពេលកំពុងមានការដាក់ចេញវិធានការពន្ធជាបន្តបន្ទាប់របស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសឲ្យដឹងកាលពីថ្ងៃទី៣០ ខែឧសភាថា នៅក្នុងខែមេសា ការនាំចូលទំនិញសរុបរបស់ប្រទេស បានធ្លាក់ចុះ ២០% មកនៅត្រឹមចំនួន ២៧៦,១ពាន់លានដុល្លារ បើធៀបទៅនឹងខែមុន។ ផ្ទុយទៅវិញការនាំចេញទំនិញ បានកើនឡើង ៣,៤% ដល់ចំនួនសរុប ១៨៨,៥ពាន់លានដុល្លារ ដែលធ្វើឲ្យឱនភាពពាណិជ្ជកម្មក្នុងទំនិញ បានថយចុះ ៤៦% មកនៅត្រឹម ៨៧,៦ពាន់លានដុល្លារ។

គួរឲ្យដឹងផងដែរ កាលពីក្នុងអំឡុងខែមេសា សហរដ្ឋអាមេរិក បានប្រកាសដាក់ចេញនូវវិធានការពន្ធគយជាបន្តបន្ទាប់ ដូចជាពន្ធលើការនាំចូលរថយន្ត និងពន្ធទៅវិញទៅមក ដែលនេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើសកម្មភាពនាំចូល។

យ៉ាងណាមិញ ចំពោះតួលេខនៅក្នុងខែមេសា ហាក់មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងខែមីនា នៅពេលដែលឱនភាពពាណិជ្ជកម្មទំនិញបានកើនឡើឡើងដល់កម្រិតខ្ពស់បំផុតចំនួន ១៦២,៣ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនអាជីវកម្មជាច្រើន ប្រញាប់ប្រញាល់សម្រុកនាំចូលទំនិញ ដើម្បីចៀសវាងការប៉ះពាល់ដោយសារពន្ធគយ។

ប៉ុន្តទោះជាយ៉ាងណាក៏ដោយ បើតាមយោងតាមអ្នកវិភាគសេដ្ឋកិច្ចបានព្រមានថា ការនាំចេញទំនិញរបស់សហរដ្ឋអាមេរិក អាចនឹងប្រឈមមុខទៅនឹងការធ្លាក់ចុះវិញផងដែរ នៅពេលដែលប្រទេសច្រើនបន្ថែមទៀត ធ្វើពហិការលើទំនិញ និងទេសចរណ៍របស់សហរដ្ឋអាមេរិក ជុំវិញគោលនយោបាយពន្ធគយ និងជនអន្តោប្រវេសន៍របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ៕