ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារ វីង (ខេមបូឌា) ម.ក និង ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី  បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយ ក្នុងគោលបំណងលើកកម្ពស់សេវាហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេស​សិង្ហបុរីឱ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពជាដៃគូនេះគឺជាការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន តាមរយៈភាព​ខ្លាំង​ក្នុងតំបន់របស់ធនាគារ ស៊ីអាយអិមប៊ី និងភាពឈានមុខគេ​នៅ​ក្នុង​មូលដ្ឋាន​របស់ធនាគារ វីង ដើម្បីផ្តល់នូវសេវា​ហិរញ្ញវត្ថុសម្បូរបែបដែលឆ្លើយតបតម្រូវការអតិថិជនគ្រប់រូប​ ដោយរួមមានទាំង​៖ ក្រុមហ៊ុនពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនដែលមានចំណូលខ្ពស់ជាដើម។

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការចាប់ដៃសហការជាមួយធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នាពេលនេះនឹងអនុញ្ញាតឱ្យយើងខ្ញុំនាំយកនូវដំណោះស្រាយហិរញ្ញវត្ថុលំដាប់ពិភពលោកដើម្បីបំពេញតម្រូវការអតិថិជន ហើយថែមទាំងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេស​សិង្ហបុរីឱ្យកាន់តែរីកចម្រើនថែមទៀត។ នេះគឺជាជំហ៊ាន​ដ៏សំខាន់មួយ​សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកាលានុវត្តភាពពាណិជ្ជកម្មអន្តរជាតិ​ឱ្យ​កាន់តែ​ប្រសើរឡើង។”

ភាពជាដៃគូនេះមានគោលបំណងច្របាច់បញ្ចូលគ្នាក្នុងការប្រើប្រាស់បណ្តាញឯកទេសហិរញ្ញវត្ថុរបស់ធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេសសិង្ហបុរី រួមជាមួយវត្តមានដ៏រឹងមាំរបស់ធនាគារ វីង នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់អតិថិជន សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនដែលមានចំណូលខ្ពស់ជាដើម។

កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ជូនដំណោះស្រាយធនាគារជាច្រើនដូចជា៖ ប្រាក់បញ្ញើ កម្ចី ការផ្ទេរប្រាក់ និងហិរញ្ញប្បទានពាណិជ្ជកម្មជាដើម ដើម្បីគាំទ្រកំណើនតម្រូវការអាជីវកម្មអន្តរជាតិ។ ការផ្តោតសំខាន់គឺ​គាំទ្រដល់​សហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែល​​មាន​ចំណែក ៩៨% នៃ​អាជីវកម្មកំពុង​ដំណើរការ​  ៧០% នៃការ​ផ្តល់ឱកាសការងារដល់ប្រជាជន និង​ប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាទៀតផង។

លោក Victor Lee Meng Teck ប្រធាននាយកប្រតិបត្តិ នៃCIMB Singapore និងប្រធាននាយកប្រតិបត្តិGrowth Markets បានបញ្ជាក់បន្ថែមថា៖ “កិច្ចសហប្រតិបត្តិការរបស់យើង ជាមួយនឹងធនាគារ វីង បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន។ តាមរយៈកិច្ចសហការរួមគ្នានេះ យើងនឹងនាំមកនូវគុណតម្លៃថ្មី សម្រាប់អតិថិជន ក៏ដូចជាពង្រឹងមធ្យោបាយហិរញ្ញវត្ថុ រវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។”

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានបង្ហាញថាក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១០៣ លានដុល្លារអាមេរិក ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅ ១០១% បើធៀបនឹងឆ្នាំ២០២៣ ហើយនេះគឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាពជាដៃគូរវាងធនាគារ វីង និង​ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នឹងជួយសម្រួលសេវាហិរញ្ញវត្ថុ ធ្វើឱ្យប្រតិបត្តិការអន្តរប្រទេស​ដំណើរការកាន់តែរលូន ហើយអាជីវកម្មរីកចម្រើន​កាន់តែខ្លាំងឡើងថែមទៀត។

កិច្ចសហការនេះ​នឹងប្រើប្រាស់ជំនាញឯកទេសរបស់​ធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេស​សិង្ហបុរី​ ដែលជាមជ្ឈមណ្ឌលផ្តល់សេវាគ្រប់គ្រងទ្រព្យសម្បត្តិនាំមុខគេមួយក្នុងតំបន់អាស៊ាន រួមជាមួយឯកទេសក្នុង​ស្រុក​​ដ៏ជំនាញ​របស់ធនាគារ វីង ដើម្បីផ្តល់ជូនអតិថិជនដែលមានចំណូលខ្ពស់នូវជម្រើសវិនិយោគមានភាពបត់បែន ក៏ដូចជាដំណោះស្រាយគ្រប់គ្រងទ្រព្យសម្បត្តិដ៏មានសុវត្ថិភាព ដែលសមស្របទៅនឹងភាពរីកចម្រើនរបស់ទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ភាពជាដៃគូដ៏សំខាន់នេះគឺជាការត្រួសត្រាយផ្លូវដ៏សំខាន់សម្រាប់យុគសម័យថ្មីនៃការធ្វើសមាហរណកម្មហិរញ្ញវត្ថុរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា សំដៅជំរុញឱ្យមានកំណើននវានុវត្តន៍ បរិយាបន្នហិរញ្ញវត្ថុ និងកំណើនប្រកបដោយចីរភាព។ តាមរយៈជំរុញការតភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងពីរ​ កិច្ចសហការរវាងធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី​ នឹងនាំមកនូវវិបុលភាព និងសមាហរណកម្មកាន់តែរឹងមាំសម្រាប់អនាគតដ៏ត្រចះត្រង់ក្នុងតំបន់អាស៊ាន៕