កម្ពុជា-វៀតណាម នឹងរួមគ្នាជំរុញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-វៀតណាម នឹងរួមគ្នាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែដ៏ល្អលើគ្រប់វិស័យ ពិសេសលើ ការការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ  ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន​ នៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកនាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម កាលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោកនាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនកម្ពុជាលើគ្រប់វិស័យ ខណៈលោកក៏បានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី, កម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន​បន្ថែមទៀត។

លោកក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ ហេដ្ឋារចនាសម្ព័ន្ធជាដើម។លោកក៏បានសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ គឺជាសរសរស្ដម្ភមួយដ៏សំខាន់ ក្នុងការរួមចំណែកពូនជ្រំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។

ជាការឆ្លើយតប, សម្តេចធិបតី ក៏បានប្តេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​នៃប្រទេសទាំងពីរ​ លើវិស័យសំខាន់ៗផ្សេងទៀត ដូចជា៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន​ ជាដើម។បន្ថែមពីនេះ សម្តេច ថែមទាំងបានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់កងទ័ពវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា​ នៅក្នុងវិស័យការពារជាតិ ដែលជាការរួមចំណែកជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន​ និងប្រជាជន​នៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធផងដែរ។

ជារួមតាមរយៈជំនួបនោះ ប្រមុខរាជរដ្ឋាភិបាលម្ពុជា ក៏បានសាទរចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ព​ នៃប្រទេស​ទាំងពីរ​ និងបានគូសបញ្ជាក់ពីការបន្តពូនជ្រំ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ​ ឱ្យកាន់តែរឹងមាំថែមទៀត។ លើសពីនេះ រដ្ឋាភិបាល ក៏បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត​ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន​ នៃប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន