ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានធ្វើការរិះគន់គ្នាចំៗ ទៅវិញទៅមក ដោយបង្ហាញពីភាពប្រេះឆា នៅក្នុងទំនាក់ទំនងរបស់ពួកគេទាំងពី បន្ទាប់ពីមហាសេដ្ឋីអាមេរិករូបនេះ សម្រេចចិត្តដើរចេញពីជួររដ្ឋាភិបាល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា លោក ត្រាំ កាលពីថ្ងៃទី៥ ខែមិថុនា បានគំរាមលុបចោលកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលអាមេរិក ជាមួយបណ្តាក្រុមហ៊ុនរបស់ លោក Musk ខណ:ពេលដែលស្ថាបនិកក្រុមហ៊ុន Tesla វិញ ក៏បានស្នើឲ្យមានការទម្លាក់លោក ត្រាំ ចេញពីតំណែងជាប្រធានាធិបតីអាមេរិក ផងដែរ។
យ៉ាងណាមិញ ជុំវិញជម្លោះដ៏ក្តៅគគុកនេះ បានកើតឡើង បន្ទាប់ពីលោក Musk បានរិះគន់ធ្ងន់ៗទៅលើការចំណាយដ៏ច្រើនរបស់រដ្ឋបានលោក ត្រាំ។ ហើយក្រោយមកជម្លោះនេះ កាន់តែរីករាលដាលកាន់តែខ្លាំងឡើងបន្ថែមទៀត បន្ទាប់ពីលោក ត្រាំ បានចេញមុខរិះគន់ទៅលើលោក Musk វិញ នៅឯការិយាល័យពងក្រពើ ដែលបណ្តាលឲ្យភាគីទាំងពីរ បន្តបោះពាក្យសម្តីឌឺដងដាក់គ្នា នៅលើបណ្តាញសង្គម។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងទៀតថា នៅក្នុងសង្គ្រាមពាក្យសម្តីលើបណ្តាញសង្គមនេះ ប្រធានាធិបតីអាមេរិក បានគំរាមបញ្ចប់កិច្ចសន្យាដ៏ធំរបស់រដ្ឋាភិបាលអាមេរិក ជាមួយបណ្តាក្រុមហ៊ុនរបស់លោក Musk ដូចជាការបាញ់បង្ហោះរ៉ុក្កែត និងការប្រើប្រាស់សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink ជាដើម។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានប៉ាន់ប្រមាណតម្លៃនៃកិច្ចសន្យាទាំងនេះថាមានចំនួនរហូតដល់ ១៨ពាន់លានដុល្លារ ឯណោះ។
យ៉ាងណាមិញ ជាការឆ្លើយតប លោក Musk បានវាយបកទៅវិញ ដោយនិយាយថាលោក ត្រាំ គួរតែត្រូវបានគេដំណើរការនីតិវិធីទម្លាក់ចេញពីតំណែង ចំពោះការបង្កឲ្យមានបញ្ហាជាច្រើនកន្លងមក។ ប៉ុន្តែទោះជាយ៉ាងណា ដោយសារតែគណបក្សសាធារណរដ្ឋ កំពុងកាន់កាប់សំឡេងភាគច្រើនទាំងនៅសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ការដំណើរនីតិវិធីនេះ គឺមិនអាចធ្វើទៅរួចនោះឡើយ។
ជម្រាបជូនថា ទំនាក់ទំនងរវាងសេតវិមាន និងថៅកែ Tesla បានបង្ហាញសញ្ញានៃការធ្លាក់ចុះជាបន្តបន្ទាប់ នៅពេលដែលអាណត្តិបុគ្គលិកពិសេសរបស់រដ្ឋាភិបាលរយៈពេល ១៣០ថ្ងៃរបស់លោក Musk ត្រូវបានបញ្ចប់ ហើយមហាសេដ្ឋីអាមេរិករូបនេះ បានចាប់ផ្តើមវាយប្រហារលើគោលនយោបាយចំណាយរបស់រដ្ឋបាល លោក ត្រាំ យ៉ាងចាស់ដៃ ដែលធ្វើឲ្យប្រធានាធិបតីអាមេរិក មិនអាចទ្រាំនៅស្ងៀមបាន៕

