សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង មកស្វែងយល់ពីសក្តានុពលវិនិយោគកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង បានមកស្វែងយកឱកាស និងសក្ដានុពលវិនិយោគ លើវិស័យសំខាន់ៗនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង ដឹកនាំដោយ លោកបណ្ឌិត Harley Seyedin ជាប្រធានសម្ព័ន្ធ First Washington Group, ប្រធានក្រុមហ៊ុន Allelon Energy Partners និងជាប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមការស្នើសុំរបស់ប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង ដែលបានមើលឃើញអំពីឱកាស និងសក្ដានុពលវិនិយោគ លើវិស័យសំខាន់ៗនៅកម្ពុជា។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះបេសកកម្មរបស់ប្រតិភូនាឱកាសនេះ និងបានជម្រាបជូនអំពីទិសដៅការងាររបស់ក.អ.ក. លើការគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ហើយបច្ចុប្បន្នបាននិងកំពុងបន្តជំរុញការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ តាមរយៈការធ្វើឌីជីថលូបនីយកម្មក្នុងការផ្តល់សេវាសាធារណៈ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបានគូសបញ្ជាក់បច្ចុប្បន្នភាពសំខាន់ៗ និងមូលដ្ឋានព័ត៌មានពិតអំពីសុខសន្តិភាព ស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច ជំហររបស់រដ្ឋាភិបាលលើការគាំទ្រភាពរីកចម្រើនរបស់វិស័យឯកជន ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កម្លាំងពលកម្មវ័យក្មេង និងមានច្បាប់វិនិយោគសម្រួលដល់ការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

បន្ទាប់ពីបានស្តាប់ប្រសាសន៍នោះ  ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង បានកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការរក្សាថែទាំ និងផ្ដល់ទំនុកចិត្តដល់វិនិយោគិន។ ជាមួយគ្នានេះ លោកក៏បានសម្តែងនូវអំណរគុណចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលផ្ដល់​អនុសាសន៍​ណែនាំបន្ថែមទៀតសម្រាប់ការវិនិយោគនៅកម្ពុជា។

សូមជម្រាបដែរថា បើគិតចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ៕ អត្ថបទ៖ហ្សាលីន