នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telegram លោក Pavel Durov បានឲ្យដឹងថា លោកនឹងរក្សាទុកទ្រព្យសម្បត្តិសរុបជាង ១៧ពាន់លានដុល្លារ ដើម្បីចែកទៅឲ្យកូនៗបង្កើតទាំង ៦ នាក់ និងរួមទាំងកូនៗជាង ១០០ នាក់ផ្សេងទៀត ដែលកើតចេញពីមេជីវិតឈ្មោល ដែលលោកបានបរិច្ចាគ អស់រយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ។ នេះបើតាមការចុះផ្សាយ BBC។

នៅក្នុងបទសម្ភាសជាមួយទស្សនាវដ្តីបារាំង Le Point មហាសេដ្ឋីសញ្ជាតិរុស្ស៊ីរូបនេះ បានចែករំលែកថា លោកមានឆន្ទៈបែងចែកទ្រព្យសម្បត្តិចំនួន ១៧,១ពាន់លានដុល្លាររបស់លោក ក្នុងចំណោមកូនៗទាំង ៦ នាក់ ដែលកើតចេញពីម្តាយបីរូបផ្សេងគ្នា ក៏ដូចជាកូនៗទាំង ១០០ នាក់ ដែលស្ថិតនៅក្នុង ១២ ប្រទេសផ្សេងគ្នា ដែលកើតចេញពីមេជីវិតឈ្មោលដែលលោកបានបរិច្ចាគ ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ។
លោក Durov បាននិយាយទៀតថា ៖”ខ្ញុំចង់បញ្ជាក់ថា ខ្ញុំនឹងបែងចែកស្មើៗគ្នា ទាំងកូនៗរបស់ខ្ញុំដែលកើតមកដោយធម្មជាតិ និងកូនៗដែលកើតមកជាមួយមេជីវិតឈ្មោលដែលខ្ញុំផ្តល់ឲ្យ។ ពួកគេទាំងអស់សុទ្ធតែជាកូនរបស់ខ្ញុំ ហើយនឹងមានសិទ្ធិដូចគ្នា។ ខ្ញុំមិនចង់ឲ្យពួកគេដណ្តើមទ្រព្យសម្បត្តិរបស់ខ្ញុំ បន្ទាប់ពីខ្ញុំលាចាកលោកនេះទៅនោះទេ” ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Durov បានសង្កត់ធ្ងន់ទៀតថា លោកនឹងបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួន ទៅឲ្យកូនៗ នៅក្នុងរយ:ពេល ៣០ឆ្នាំខាងមុខ ព្រោះថាលោកចង់ឲ្យពួកគេរៀនរស់នៅដូចមនុស្សធម្មតា អភិវឌ្ឍខ្លួនឯង រៀនជឿជាក់លើខ្លួនឯង និងចេះបង្កើតអ្វីសម្រាប់ខ្លួនឯង មិនមែនពឹងផ្អែកតែលើលុយលោកនោះឡើយ។
គួរជម្រាបជូនថា លោក Durov កើនកើតនិងធំធាត់ឡើងនៅក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី និងបានបង្កើតកម្មវិធីផ្ញើសារដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក Telegram នៅក្នុងឆ្នាំ២០១៣។ ប៉ុន្តែក្រោយមកលោកបានផ្លាស់ទៅរស់នៅប្រទេសអារ៉ាប់រួម ក្នុងឆ្នាំ២០១៤។ យោងតាមទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា Pavel Durov មានទ្រព្យសម្បត្តិសរុបប្រហែល ១៧,១ពាន់លានដុល្លារ៕

