ភាគហ៊ុន Tesla ធ្លាក់ដាំក្បាលចុះ​ ក្រោយ Elon Musk ប្រកាសបង្កើតបក្សនយោបាយថ្មី

អន្តរជាតិ

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នៅលើទីផ្សារហ៊ុន Frankfurt របស់ប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះភ្លាមៗ នៅពេលបើកការជួញដូរដំបូង បន្ទាប់ពីក្រុមវិនិយោគិន បង្ហាញការព្រួយបារម្ភ​​ ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់នាយកប្រតិបត្តិ លោក​​ E​lon Musk ដែលប្រកាសពីការបង្កើតបក្សនយោបាយថ្មី នៅអាមេរិក។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាគហ៊ុនរបស់ Tesla ដែលចុះបញ្ជីនៅទីផ្សារហ៊ុន Frankfurt បានធ្លាក់ចុះ ៤% នៅពេលចាប់ផ្តើមបើកការជួញដូរលើកនៅដំបូង នៅថ្ងៃទី៧ ខែកក្កដានេះ ស្របពេលលទ្ធផលអវិជ្ជមាសនេះ អាចនឹងបន្តឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី​ បន្តធ្លាក់ចុះ នៅក្នុងការជួញដូរនៅទីផ្សារហ៊ុនញូវយ៉ក នៅពេលបើកការជួញដូរយប់នេះ​ ផងដែរ។

គួរឲ្យដឹងថា ជុំវិញការធ្លាក់ចុះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នេះ បានកើតឡើង នៅពេលដែលវិនិយោគិនព្រួយបារម្ភថានាយកប្រតិបត្តិលោក Elon Musk មិនផ្តោតលើក្រុមហ៊ុន Tesla បន្ទាប់ពីលោកបានប្រកាសពីការបង្កើតគណបក្សសហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។

ជម្រាបជូនថា លោក Musk គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ និងជាអ្នកផ្តល់ជំនួយដ៏ធំបំផុតដល់យុទ្ធនាការរបស់លោក ត្រាំ ។ បន្ទាប់ពីចូលកាន់តំណែងកាលពីខែមករា ប្រធានាធិបតីអាមេរិកបានជ្រើសរើសមហាសេដ្ឋីរូបនេះ មកដឹកនាំការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីធ្វើកំណែទម្រង់រដ្ឋាភិបាល និងសន្សំសំចៃការចំណាយ។ តែទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងអ្នកទាំងពីរចាប់ផ្តើមប្រេះឆានៅពេលដែលអាណត្តិជាបុគ្គលិករដ្ឋាភិបាលពិសេសរយៈពេល ១៣០ថ្ងៃរបស់លោក Musk ត្រូវបានបញ្ចប់ ហើយមហាសេដ្ឋីអាមេរិករូបនេះ​ចាប់ផ្តើមបានវាយប្រហារយ៉ាងចាស់ដៃ លើផែនការចំណាយដ៏ច្រើនលើសលប់របស់ប្រធានាធិបតី៕​