ការនាំចេញផ្លែចេកស្រស់ក្នុងខែមិថុនា ឆ្នាំនេះមានកំណើនថមថយជាង១៥ភាគរយ

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំក្នុងឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទ កាលពីខែមិថុនាកន្លងទៅនេះបានបង្ហាញថា ការនាំចេញផ្លែចេកស្រស់របស់កម្ពុជាក្នុងខែមិថុនាកន្លងទៅសម្រេចបានបរិមាណ២៥ ១៨៦តោន បើប្រៀបធៀបទៅនិងខែមិថុនា ឆ្នាំ២០២៤កន្លងទៅមានចំនួន ២៩ ៨៧៤ តោន ពោលគឺមានការថមថយ៤ ៦៨៨តោន ឬស្មើប្រមាណ១៥,៦ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរជម្រាបជូនផងដែរ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ឱ្យដំណើរការខ្សែច្រវាក់ផ្គត់ផ្គង់ចេកស្រស់របស់ក្រុមហ៊ុន ខេមបូឌា បាណាណា ដែលបានសម្រេចបោះទុនវិនិយោគលើដំណាំចេកនៅកម្ពុជាកាលឆ្នាំ២០២០ ដើម្បីចូលរួមចំណែកក្នុងការបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងបានផ្តល់ការងារដល់បុគ្គលិក និងកម្មករខ្មែរជាង៩០០នាក់។

បើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មខាងលើបញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងប្រមូលផលផ្លែចេកអំបូងលឿងនៅលើផ្ទៃដី ៥០០ហិកតា និងកំពុងដាំនៅលើផ្ទៃដីចំនួន ២០០ហិកតាបន្ថែមទៀត ដោយរំពឹងថា នឹងទទួលផល នៅឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្គត់ផ្គង់ផ្លែចេកស្រស់នៅតាមផ្សារទំនើបនៅកម្ពុជា និងវេចខ្ចប់នាំចេញទៅប្រទេសចិន ដោយបាននាំចេញចំនួន ២ម៉ឺនតោន ក្នុងឆ្នាំ២០២៤ និងគ្រោងបង្កើនដល់ ៣ម៉ឺនតោន ក្នុងឆ្នាំ២០២៥នេះ។

បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំចេកអំបូងលឿងចំនួន ២១ពាន់ហិកតា និងផ្ទៃដីប្រមូលផលចំនួន ១៥ពាន់ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ៤០ម៉ឺនតោន ជាមួយនឹងទិន្នផលជាមធ្យម ២៥តោនក្នុងមួយហិកតា។

ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន ២៦ម៉ឺនតោន ក្នុងនោះ ២៥ម៉ឺនតោន ស្មើនឹង៩៥% ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែល៥%ផ្សេងទៀត ទៅកាន់ប្រទេសវៀតណាម កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ តួលេខនេះបង្ហាញថា ប្រទេសចិនគឺជាគោលដៅ និងទីផ្សារនាំចេញផ្លែចេកស្រស់ធំជាងគេរបស់កម្ពុជា៕