គណៈប្រតិភូកម្ពុជា គោះទ្វារសហគ្រាសនៅទីក្រុងអូសាកា ឱ្យមកវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជនដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ក្នុងគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ ព្រមទាំងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុន និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក សួន សុផល បានជម្រាបជូនសមភាគីជប៉ុនអំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ លោកក៏បានផ្តល់សេវាពិគ្រោះយោបល់ជូនសមភាគីដោយផ្តោតសំខាន់លើទិដ្ឋភាពគោលនយោបាយ និងបច្ចេកទេសសំដៅធានាបានថាវិនិយោគិននឹងទទួលបានព័ត៌មានដែលគ្រប់ជ្រុងជ្រោយដើម្បីបម្រើជាមូលដ្ឋានដល់ការសិក្សាសមិទ្ធិលទ្ធភាពឈានឆ្ពោះសម្រេចបាននូវការបណ្តាក់ទុន និងពង្រីកការវិនិយោគនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។ 

គួរបញ្ជាក់ថា សហគ្រាសដែលបានទទួលសេវាពិគ្រោះយោបល់ជាមួយកម្ពុជា មានមូលដ្ឋាននៅអូសាកា រួមមាន៖

១. Next Make៖ ឯកទេសផ្នែកអភិវឌ្ឍន៍កម្មវិធី។

២. ReloExcel, Inc.៖ ឯកទេសផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស។

៣. ACS Co., Ltd.៖ ឯកទេសផ្នែកបច្ចេកវិទ្យាឌីជីថល។

៤. Japan Farm Products៖ ឯកទេសផ្នែកកសិ-ចំណីអាហារ។

៥. MK Corporation៖ ឯកទេសផ្នែកភស្តុភារកម្ម។

៦. Ring Co., Ltd.៖ ឯកទេសផ្នែកកម្មន្តសាលគ្រឿងបង្គុំអេឡិចត្រូនិក។

៧. Mitsuyoshi Cambodia Co., Ltd.៖ ឯកទេសផ្នែកកម្មន្តសាលគ្រឿងសង្ហារិម។

៨. Alaki Co., Ltd.៖ ឯកទេសផ្នែកបច្ចេកវិទ្យាឌីជីថល

សូមបញ្ជាក់ផងដែរថា បេសកកម្មគោះទ្វារវិនិយោគមកកាន់ទីក្រុងអូសាកា គឺជាសកម្មភាពតាមដានជាមួយសហគ្រាសដែលធ្លាប់បានចូលរួមសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជាដែលបានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគដែលដឹកនាំដោយលោក  ស៊ុន ចាន់ថុល៕