នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់បន្ថែមអំពីមូលហេតុដែលកម្ពុជាសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump។

យោងតាមសំណេរដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់លោកនាព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖ «ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។
សម្តេចបន្តថា៖ «សុច្ឆន្ទៈស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម»។

សម្តេចថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ»។
សូមរម្លឹកដែរថា លោកប្រធានាធិបតី ត្រាំ បានអញ្ជើញកម្ពុជាចូលរួមក្នុងក្រុមប្រឹក្សានេះ តាមរយៈលិខិតចុះថ្ងៃទី១៦ ខែមករា ដើម្បីរកដំណោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា៕អត្ថបទ៖ហ្សាលីន

