អាជ្ញាធរនៃខេត្តនគររាជសីមា (Nakhon Ratchasima) របស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានបង្ខំឲ្យបុគ្គលិកនៅសាលាខេត្តចំនួន ២០០ នាក់ ធ្វើតេស្តពិនិត្យរកសារធាតុញៀនខុសច្បាប់ ដោយមិនបានជូនដំណឹងជាមុន ក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាព និងដោះស្រាយបញ្ហាគ្រឿងញៀន។ នេះតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ជុំវិញការធ្វើតេស្តដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរកឃើញថាបុគ្គលិករដ្ឋចំនួន ១៦៧ នាក់ ដែលរួមមានទាំងថ្នាក់ដឹកនាំមូលដ្ឋាន និងព្រះសង្ឃមួយអង្គផងនោះ បានធ្វើតេស្តឃើញវិជ្ជមាន ក្នុងអំឡុងពេលធ្វើតេស្តដោយចៃដន្យ កាលពីខែមុន នៅក្នុងស្រុកទាំង ៣២នៃខេត្តនគររាជសីមានេះ។
យ៉ាងណាមិញ អភិបាលខេត្តនគររាជសីមា លោក Chaiwat Chuekosum កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅនេះ បានបញ្ជាឲ្យមានការពិនិត្យទឹកនោមសម្រាប់បុគ្គលិករដ្ឋាភិបាលអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន រួមទាំងបុគ្គលិកជាប់កិច្ចសន្យារបស់ទីភ្នាក់ងាររដ្ឋដែលមានមូលដ្ឋាន នៅសាលាខេត្ត។ ប៉ុន្តែយ៉ាងណាក៏ដោយមិនមានលទ្ធផលភ្លាមៗ ត្រូបានបង្ហាញឲ្យដឹងនៅឡើយនោះទេ។
ចំពោះការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងនៅក្នុងសាលសន្និសីទ Prem Tinsulanonda នៅជាន់ទីពីរនៃអគារសាលាខេត្ត ខណ:មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិករដ្ឋាភិបាលប្រមាណ ២០០នាក់ ត្រូវបានធ្វើតេស្តដោយមិនមានការផ្តល់ដំណឹងជូនទុកជាមុននោះឡើយ។
គួរឲ្យដឹងថា កាលពីខែមុន អាជ្ញាធរខេត្តនេះ បានធ្វើតេស្តមនុស្សសរុបចំនួន ៣៤ ០២២ នាក់ ដោយចៃដន្យដើម្បីស្វែងរកនូវសារធាតុញៀនខុសច្បាប់ នៅទូទាំងស្រុកទាំង ៣២ ដោយក្នុងនោះរួមមានមន្ត្រីរាជការ បុគ្គលិករដ្ឋាភិបាលផ្សេងទៀត អ្នកស្ម័គ្រចិត្ត ថ្នាក់ដឹកនាំមូលដ្ឋាន ព្រះសង្ឃ សិស្សានុសិស្ស និងសាធារណជន។
ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សសរុបចំនួន ១៦៧នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងនោះមានអ្នកស្ម័គ្រចិត្ត ២នាក់ មេភូមិ ២នាក់ ជំនួយការមេភូមិ ៥នាក់ ព្រះសង្ឃ ១អង្គ សមាជិកសាធារណៈ ១៤៧នាក់ និង១០នាក់ផ្សេងទៀត៕

