សម្តេចតេជោ ហ៊ុន សែន សូមទូន្មានចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារសូមទូន្មានជូនចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ ដែលបានធ្វើការស្ទង់មតិដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបសម្តេច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃពុធនេះ សម្តេចតេជោ បានលើកឡើងបែបនេះថា៖ “ខ្ញុំសូមទូន្មានចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ! វាជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំ ប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឲ្យអស់សំណើច និងគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែប្រទេសថៃអាចធ្វើរឿងបែបនេះបាន»។

សម្តេចបានបន្ថែមទៀតថា៖ “ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបខ្ញុំ ហ៊ុន សែន វាបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះខ្ញុំទៅវិញទេ។ គួរណាស់ប្រជាជនថៃ នាំគ្នាស្ទង់មតិមេដឹកនាំរបស់ខ្លួនឯងទៅ ដូច្នេះខ្ញុំសូមទូន្មានថា «អ្វីដែលខ្ញុំខ្លាចបំផុតនោះគឺ ប្រជាជនថៃស្រឡាញ់ ហ៊ុន សែន ដែលអាចបង្ហាញពីខ្ញុំក្បត់ជាតិសាសន៍ និងប្រជាជនរបស់ខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំចង់បានបំផុតនោះគឺសត្រូវវាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត ដែលចំណុចនេះបង្ហាញថា ខ្ញុំកំពុងធ្វើរឿងដ៏ត្រឹមត្រូវចំពោះប្រទេសជាតិ និងប្រជាជនរបស់ខ្ញុំ»។

សូមជម្រាបថា ថៃបាននិងកំពុងព្យាយាមចោទប្រកាន់និងទម្លាក់កំហុសជាបន្តបន្ទាប់មកលើសម្តេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជា ក្នុងគោលដៅនយោបាយ ដូចជាការចោទប្រកាន់ថាកម្ពុជា ជាទីតាំងធំនៃបទល្មើសអនឡាញជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីថ្ងៃទី០៨ ខែកក្កដា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញសារបញ្ជាក់ផងដែរថា៖ “ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។

ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង។

ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្ស ជិតស្និទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថាថាក់ ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយខ្ញុំ ជិតស្និទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។ ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?»៕