ក្នុងឆមាសទី១ ពោលគិតចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២ ៨៩៣ ០០៨នាក់ កើនឡើង ៥០.៩១% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមជំនួបពិភាក្សារវាងរដ្ឋបាលខេត្តជាមួយប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខេត្តសៀមរាប បានឱ្យដឹងថាជំនួបពិភាក្សានេះ គឺដើម្បីស្វែងយល់ពីស្ថានភាពទេសចរណ៍ខេត្តសៀមរាប និងការសហការភាពជាដៃគូរឱ្យកាន់តែប្រសើរលើវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម។
ទន្ទឹមគ្នានេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ក៏បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះលោក ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខេត្តសៀមរាបដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ ។

លោក ក៏បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២ ៨៩៣ ០០៨នាក់ កើនឡើង ៥០.៩១% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២ ៣២៥ ៣៣៥នាក់ កើនឡើង ៦៦.៦៨% ប្រៀបធៀបនឹងឆ្នាំ២០២៤។ដោយក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥៦៧ ៦៧៣នាក់ កើនឡើង ៨.៧៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ចំនួន ៥២១,៩៥០ នាក់។ ដោយឡែក វិស័យកសិកម្មបងប្អូនប្រជាកសិករ បានធ្វើស្រែបានសរុបចំនួន ១៥៥ ៨៤៥ហ.ត ស្មើនឹង ៨២,០២%នៃផែនការ និងដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរយៈពេលខ្លី បានដាំដុះបានសរុបចំនួន ២០ ២៨០ហិកតា ស្មើនឹង៦៤,៩៦% នៃផែនការផងដែរ។
សូមជម្រាបដែរថា តាមរយៈជំនួបពិភាក្សាខាងលើ រដ្ឋបាលខេត្តសៀមរាប និងការិយាល័យកុងស៊ុល ជប៉ុន ក៏បានសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមករវាងភាគីទាំងពីរ នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរថែមទៀត៕ អត្ថបទ៖ហ្សាលីន


