អ្នកឧកញ៉ា វិញ ហួរ ប្រធានសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា និងអ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អុិនស៊ីស៊ីមេន ខបភើរេសិន នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូ អនុប្រធាន សមាជិក សមាជិកា នៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា នាំយកអំណោយមួយចំនួនឧបត្ថម្ភជូនដល់កងកម្លាំងសមរភូមិមុខទិសយោធភូមិភាគ៤ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ សម្រាប់អំណោយដែលផ្ដល់ជូនរួមមាន ទឹកសុទ្ធដបធំ ១០០០កេស, ភេសជ្ជៈ ៥០០កេស និងស៊ីម៉ងត៍ជាច្រើនផងដែរ។
លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានថ្លែងកោតសរសើរ លើកទឹកចិត្ត និងថ្លែងអំណរគុណដល់កងទ័ពជួរមុខទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យសត្រូវឈ្លានបាន។
ជាចុងបញ្ចប់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានថ្លែងអំណរគុណដល់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានគិតគូរដល់កងទ័ពកម្ពុជា ហើយសង្ឃឹមថាសមាគមនឹងនាំយកអំណោយបន្ថែមទៀតជូនដល់កងទ័ពនៅទិសដទៃផងដែរ៕







