អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ស្តីពីការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម។

គោលបំណង នៃកិច្ចសហប្រតិបត្តិការអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការតភ្ជាប់លើវិស័យ ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច និងធុរកិច្ចរវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម -កម្ពុជា តាមរយៈការលើកកម្ពស់ឱកាសអាជីវកម្ម ការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រសហគ្រិនរបស់ភាគីទាំងពីរ។
សម្រាប់ទិសដៅ នៃកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរយល់ព្រមសហការគ្នាលើវិស័យ និងសកម្មភាព ដោយអនុលោមតាមលក្ខខណ្ឌ ដែលមានចែងក្នុងអនុស្សរណៈ នៃការយោគយល់គ្នា ដោយលើកកម្ពស់ពាណិជ្ជកម្មឆ្លងដែន និងការវិនិយោគរវាងកម្ពុជា និងវៀតណាម។ លើកកម្ពស់ការផ្តល់អន្តរកម្មអាជីវកម្ម និងកាត់បន្ថយរបាំងពាណិជ្ជកម្ម។ គាំទ្រសហគ្រិនវៀតណាម និងកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងបច្ចេកវិទ្យា។ រៀបចំសិក្ខាសាលា សន្និសីទ និងព្រឹត្តិការណ៍អាជីវកម្ម ដើម្បីជំរុញការទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។ រៀបចំព្រឹត្តិការណ៍ដូចជា «កិច្ចសន្ទនាធុរកិច្ច» ដើម្បីភ្ជាប់សហគ្រិន និងវិនិយោគិន។ ផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកអំពីបទដ្ឋានច្បាប់ ឱកាសវិនិយោគ និងទីផ្សារសម្រាប់សហគ្រិន។ គាំទ្រការអភិវឌ្ឍសមត្ថភាពសហគ្រិន ជាពិសេសក្នុងវិស័យដែលមានសក្តានុពល។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ ធុរកិច្ចអាស៊ាន-កម្ពុជា បាននិងកំពុងដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សមាគមសហព័ន្ធ ធុរកិច្ច វៀតណាម-កម្ពុជា (VCBA)។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា៕






