រដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ទោះបីជានៅក្នុងបរិការណ៍ភាពតាងតឹងនៃភូមិសាស្ត្រនយោបាយ និងការដាក់សម្ពាធខាងពាណិជ្ជកម្មតាមរយៈពន្ធបដិការរបស់សហរដ្ឋអាមេរិកយ៉ាងណា ប៉ុន្តែចំនួនអ្នកទេសចរដែលមកកម្សាន្តនៅតំបន់អាស៊ាន ក៏ដូចជាកម្ពុជាគេឃើញថា មានចំនួនកើនឡើង។រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា លោក ហួត ហាក់ បានលើកឡើងថា កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃលើការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន នៅខេត្តសៀមរាប កាលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។

នាឱកាសនោះ លោក ហួត ហាក់ មានប្រសាសន៍ថា បើទោះបីជានៅក្នុងបរិការណ៍ភាពតាងតឹងនៃភូមិសាស្ត្រនយោបាយ សភាពការណ៍ប្រែប្រួលមិនច្បាស់លាស់នៃពិភពលោក និងតំបន់, សង្គ្រាមនិងវិបត្តិ នៅមជ្ឈិមបូព៌ា ការដាក់សម្ពាធខាងពាណិជ្ជកម្មតាមរយៈពន្ធបដិការរបស់សហរដ្ឋអាមេរិកយ៉ាងណា ប៉ុន្តែចំនួនអ្នកទេសចរដែលមកកម្សាន្តនៅតំបន់អាស៊ាន ក៏ដូចជាកម្ពុជាគេឃើញថា មានចំនួនកើនឡើង ដែលនេះវាពិតជាបានឆ្លុះ បញ្ចាំងអំពីភាពធន់នៃវិស័យទេសចរណ៍របស់អាស៊ាន និយាយជារួម និងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា និយាយដោយឡែក ទៅនឹងវិបត្តិខាងលើទាំងនេះ តាមរយៈការបន្តទទួលបាននូវកំណើនភ្ញៀវទេសចរជាវិជ្ជមានគួរកត់សម្គាល់។

លោក បន្តថា ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍កម្ពុជា ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ កើតចេញមកពីមរតកដ៏មានតម្លៃមហិមា នៃសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងសុខដុមនីយកម្មនៅក្នុងសង្គម ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

យោងរបាយការណ៍ស្ថិតិឆ្នាំ២០២៤ អាស៊ានបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១២៣លាននាក់ កើន៣០.៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ចំពោះកម្ពុជា នៅឆ្នាំ២០២៤ ទទួលទេសចរ អន្តរជាតិ ៦,៧លាននាក់ ជាមួយទេសចរជាតិប្រមាណ ២២,៥២លាននាក់។ ដោយឡែក សម្រាប់ឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាន ៣៦ម៉ឺននាក់ កើនឡើង ៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ហើយភ្ញៀវទេសចរជាតិមានប្រមាណ ១៤លាន ៥៧ម៉ឺននាក់ កើនឡើង ៥០ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤៕ អត្ថបទ៖ ហ្សាលីន