ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos កាលពីពេលថ្មីៗនេះ បានតែងតាំងអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាមនុស្សដ៏ជំនិតរបស់ខ្លួន គឺលោក Tom Taylor ឲ្យក្លាយជាប្រធាន និងនាយកប្រតិបត្តិនៃមូលនិធិ Bezos Earth Fund ដែលជាអង្គការសប្បុរធម៌មួយបង្កើតឡើងដើម្បីជួយដល់ភពផែនដី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Geek Wire។

លោក Tom Taylor ធ្លាប់បម្រើការងារឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Amazon អស់រយ:ពេលជាង ២ ទសវត្ស មុនពេលប្រកាសចូលនិវត្តន៍ នៅក្នុងខែតុលា ឆ្នាំ២០២២ ក្នុងនាមជាអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Amazon Alexa និងជាសមាជិកនៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនមេ ផងដែរ។
យ៉ាងណាមិញ ក្រោយការប្រកាសពីការចូលកាន់តំណែងថ្មី លោក Taylor បានសរសេររៀបរាប់នៅលើបណ្តាញសង្គម LinkedIn ថា៖” ខ្ញុំពិតជារំភើបខ្លាំងណាស់ ក្នុងការចូលរួមជាមួយមូលនិធិ Bezos Earth Fund ជាមួយនឹងការចាប់ផ្តើមការងារដ៏អស្ចារ្យ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងលើភពផែនដីរបស់យើង។ ខ្ញុំពិតជារំភើបក្នុងការធ្វើការជាមួយ Jeff និង Lauren ដើម្បីអនុវត្តចក្ខុវិស័យរបស់ពួកគេ និងដឹងគុណក្នុងការទទួលមរតកក្រុមការងារដែលមានសមត្ថភាព និងបេសកកម្មមិនគួរឱ្យជឿ”។
ជម្រាបជូនថា លោក Bezos បានចាប់ផ្តើមបង្កើត Bezos Earth Fund ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ហើយបានចាក់បញ្ចូលទឹកប្រាក់ចំនួន ៧៩១លានដុល្លារដំបូងទៅក្នុងមូលនិធិនេះ។ នៅឆ្នាំ២០៣០ អង្គការសប្បុរធម៌ដែលផ្តោតសំខាន់លើការងារភពផែនដីនេះ រំពឹងថានឹងប្រមូលថិវិកាសរុបបានរហូតដល់ ១០ពាន់លានដុល្លារ៕

