កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេទី២ របស់ពិភពលោក ប្រមាណ១៧% នៃចំណែកផលិតកម្មពិភពលោក បន្ទាប់ពីកូតឌីវ័រ ប្រមាណ២៤% នៃចំណែកផលិតកម្មពិភពលោកក្នុងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បង្ហាញកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។

របាយការណ៍ខាងលើបានឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ បាន៨១៥.០០០តោន (៩៥% នៃគ្រាប់ស្វាយចន្ទីសរុប) មានការកើនឡើងជាង២១% ទទួលបានប្រាក់ចំណូលពីការនាំចេញ ១.១៥០លានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើងជាង ២៦,១៥%។ ចំណែកតម្លៃនៃការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១.៤១១ដុល្លារ ក្នុងមួយតោន។
ជាមួយគ្នានេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាមមានប្រមាណ ៧៩៥.០០០តោន ។ ជាង៩០% នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជាត្រូវបាននាំចេញឆៅទៅវៀតណាម ដែលមានន័យថា ឧស្សាហកម្មនេះខកខានការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃដែលមានតម្លៃខ្ពស់ និងប្រាក់ចំណេញខ្ពស់។

យ៉ាងណា ទន្ទឹមនឹងភាពវិជ្ជមាននៃឧស្សាហកម្មគ្រាប់ស្វាយចន្ទីនៅកម្ពុជា ក៏នៅមានហានិភ័យមួយចំនួនផងដែរ ដែលរបាយការណ៍ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា រួមមាន ការប្រែប្រួលតម្លៃ (កសិករមានហានិភ័យនៅពេលតម្លៃសកលប្រែប្រួល) គម្លាតហេដ្ឋារចនាសម្ព័ន្ធ (ការចំណាយខ្ពស់នៃភស្តុភារ និងអគ្គិសនី ក៏ដូចជាកង្វះគ្រឿងបរិក្ខារកែច្នៃទំនើប ធ្វើឱ្យអាជីវកម្មក្នុងស្រុកពិបាកបន្ថែមតម្លៃ) ហានិភ័យអាកាសធាតុ (គ្រោះរាំងស្ងួត និងសត្វល្អិតគំរាមកំហែងដល់ទិន្នផល ដែលទាមទារកាអនុវត្តន៍កសិកម្មប្រកបដោយចីរភាព) កង្វះធនធានហិរញ្ញវត្ថុ។
សូមជម្រាបជូនថា កម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» កាលពីថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី នៅលើពិភពលោក៕



