សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបជិត២ពាន់ករណី (១,៧៥៧ ករណី)។នេះបើយោងរបាយការណ៍ពីលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន កាលថ្ងៃទី២០ កក្កដា ឆ្នាំ២០២៥។

លោកបានឱ្យដឹងថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន ក្នុងត្រីមាសទី២ ឆ្នាំ២០២៥បានរកឃើញចំនួនព័ត៌មានក្លែងក្លាយ ចំនួន៨៧៣ ករណី។ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ១,៧៥៧ ករណី ដែលចំនួននេះមានការកើនឡើងចំនួន ជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់ថា ដូច្នេះយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលដឹកនាំដោយក្រសួងព័ត៌មាន គឺបានដើរតួនាទីយ៉ាងសំខាន់និងបានទប់ស្កាត់ការពារកុំឱ្យព័ត៌មានក្លែងក្លាយបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ដែលកម្ពុជាមានចំនួនប្រមាណ ៦៦ភាគរយនៃចំនួនប្រជាជនសរុប ដោយយុទ្ធនាការបានចុះទៅផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន តាមសហគមន៍ និងតាមភូមិឃុំដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីខេត្តកំពុងប្រើបណ្តាញសង្គមសម្រាប់ការទទួលព័ត៌មាន។
លោកអះអាងបន្តថា យុទ្ធនាការនេះ ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីសាធារណៈជនតាមរយៈលើកកម្ពស់ការផ្សព្វផ្សាយតែព័ត៌មានពិត តាមក្រមសីលធម៌វិជ្ជាជីវៈ មានប្រភពព័ត៌មានច្បាស់លាស់ មានភាពត្រឹមត្រូវអាចទុកចិត្តបាន ជាពិសេសតាមរយៈការលើកទឹកចិត្តឱ្យម្នាក់ៗចូលរួមទប់ស្កាត់និងឈានទៅបញ្ចប់ចរាចរណ៍ព័ត៌មានក្លែងក្លាយក្នុងសង្គម ជាពិសេសការចូលរួមពី សំណាក់អ្នកបង្កើតមាតិកាលើបណ្តាញសង្គម អ្នកសារព័ត៌មាន និងពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ។
សូមរម្លឹកដែរថា ចាប់តាំងពីដើមខែមេសាឆ្នាំ២០២៥មក យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលដឹកនាំដោយក្រសួងព័ត៌មាន និងសម្របសម្រួលការអនុវត្តក្នុងបណ្តារាជធានីខេត្ត ដោយមន្ទីរព័ត៌មាន មានដំណើរការយ៉ាងសកម្ម ដោយទទួលបានការគាំទ្រពីសាធារណៈជនគ្រប់ទិសទី រីឯការអនុវត្តតាមបណ្តារាជធានីខេត្តមានការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន និងតួអង្គពាក់ព័ន្ធ ដែលបានធ្វើឱ្យយុទ្ធនាការនេះកំពុងប្រែក្លាយជាចលនាជាតិក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយពីសង្គមយើង។
ជាក់ស្តែង តាមរយៈយុទ្ធនាការនេះ លទ្ធផលត្រីមាសដំបូងគឺពីខែមេសាដល់មិថុនា ឆ្នាំ២០២៥ នៃការអនុវត្តក្នុងរាជធានី-ខេត្ត យុទ្ធនាការក៏បានបញ្ចេញមាតិកាព័ត៌មាន និងបែបអប់រំតាមប្រព័ន្ធផ្សាយក្នុងដៃ និងឯកជន ទាំងប្រពៃណី ទំនើប បណ្តាញសង្គម ប្រមាណ ៧ពាន់ ដង/មាតិកា។ ចំនួននេះនៅមិនគិតចំនួននៃការផ្សាយចេញបន្តពីយុទ្ធនាការ ដោយការផ្សាយឯកជនដោយពលរដ្ឋ និងសហគមន៍(users) ច្រើនទៀតនោះឡើយ៕ អត្ថបទ៖ ហ្សាលីន

