អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ បានឱ្យដឹងថា នៅតំបន់ឆ្នេរសមុទ្រកែវផុស (កំពង់ផែឧកញ៉ា ម៉ុង) មានភ្លៀងធ្លាក់មិនឈប់ឈររយៈពេលមួយខែមកហើយ ព្រមទាំងមានខ្យល់ព្យុះបោកបក់ទាញទម្លាក់ទូកុងទ័រនឺ ធ្វើឱ្យមានការរំខានយ៉ាងខ្លាំងដល់ការងារលើកដាក់ទំនិញ។

អ្នកឧកញ៉ាអគ្គនាយក បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃចន្ទនេះថា៖ “ថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ឆ្នេរសមុទ្រកែវផុស(កំពង់ផែឧកញ៉ា ម៉ុង) មានភ្លៀងធ្លាក់មិនឈប់ឈរមួយខែកន្លងមកហើយ ព្រមទាំងមានខ្យល់ព្យុះសង្ឃរាដែលមានកម្លាំងខ្លាំងគួរសម បានវាយបោកបក់ទាញទម្លាក់ទូកុងទ័រនឺ និងរបើកដំបូលឃ្លាំងថែមទៀតផង។ ភ្លៀងធ្លាក់ខ្លាំងលាយឡំមកជាមួយនឹងខ្យល់ព្យុះនេះ វាបានរំខានដល់ការងារលើកដាក់ទំនិញយ៉ាងខ្លាំងផងដែរ”។
តំបន់ឆ្នេរសមុទ្រកែវផុស (កំពង់ផែឧកញ៉ា ម៉ុង) ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបាន អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រើពេលវេលាជិត២០ឆ្នាំ និងចំណាយប្រាក់មិនតិចជាង១០លានដុល្លារអាមេរិក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រែក្លាយពីឆ្នេរកែវផុស ដែលសម្បូរដោយល្បាប់ភក់ឱ្យក្លាយជាឆ្នេរ ដែលមានខ្សាច់សស្អាត អាចឱ្យអ្នកទេសចរចុះងូតទឹកលេងកម្សាន្ដបានដោយងាយស្រួល។ ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរនេះ កំពង់ផែឧកញ៉ា ម៉ុង កែវផុស របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏ត្រូវបានសាងសង់ឡើង និងមានសកម្មភាពមមាញឹកផងដែរ ក្នុងការដោះដូរពាណិជ្ជកម្មផ្លូវសមុទ្រ។
សូមជម្រាបថា បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ គឺមានព្យុះទី៦ ឈ្មោះ វីពហា (Wipha) T2506 ក្នុងឆ្នាំ២០២៥ នឹងមានឥទ្ធិពលលើសមុទ្រអានដាម៉ង់ ឈូងសមុទ្រថៃ រវាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណា ព្យុះ វីពហា នេះ ពុំមានឥទ្ធិពលខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជានោះទេ ប៉ុន្តែអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតាមបណ្តាខេត្តមួយចំនួន៕





