កម្ពុជា កំពុងសាងសង់អគាររាងគ្រាប់មីន PMN-2 ធំជាងគេបំផុតលើពិភពលោក និងគ្រោងសម្ពោធជាផ្លូវការនៅដើមឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានគូសបញ្ជាក់ថា កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីន PMN-2ថ្មី នៅលើទឹកដីនៃខេត្តសៀមរាបនោះទេ ប៉ុន្តែកម្ពុជាកំពុងតែសាងសង់អាគាររាងគ្រាប់មីន PMN-2 ធំជាងគេក្នុងពិភពលោក ហើយអគារនេះ អាចក្លាយជានិមិត្តរូបនៃការសម្រេចជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃចន្ទ ទី២១ ខែកក្កដានេះ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា លោកនិងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពការសាងសង់អគាររាងគ្រាប់មីន PMN-2 ធំជាងគេបំផុតលើពិភពលោក។ ឯកឧត្តម បន្ថែមថា អគាររាងគ្រាប់មីននេះ ប្លង់ខាងក្រោម រាងការ៉េមានទំហំ១០៨ម៉ែត្រ គុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ ហើយអគាររាងគ្រាប់មីននេះស្ថិតនៅក្នុងបរិវេណសារៈមន្ទីរតេជោសន្តិភាព និងអាចក្លាយជាមរតកជាតិមួយ ក្នុងការដាក់បង្ហាញជូនសាធារណជនជាតិ និងអន្ដរជាតិ ឲ្យយល់កាន់តែច្បាស់ថែមទៀត នូវការខិតខំពុះពារប្ដូរផ្ដាច់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់បន្ថែមថា អគារនេះកសាងដោយក្រុមហ៊ុនជប៉ុន SATO KOGYO និងផ្តល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន។ អគាររាងគ្រាប់មីននេះ គ្រោងដាក់សម្ពោធជាផ្លូវការ នៅដើមឆ្នាំ២០២៦ខាងមុខនេះ៕